(វ៉ាសូវី)៖ ប្រធានាធិបតីប៉ូឡូញ លីទុយអានី ឡេតូនី និងអេស្តូនី បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវ (Kyiv) ប្រទេសអ៊ុយក្រែន ដើម្បីជួបជាមួយប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។

មេដឹកនាំទាំង៤រូប បានចូលរួមជាមួយអ្នកនយោបាយអឺរ៉ុបជាច្រើន ក្នុងការបំពេញទស្សនកិច្ចទៅកាន់រដ្ឋធានីរបស់អ៊ុយក្រែន ចាប់តាំងពី កងកម្លាំងរុស្ស៊ីត្រូវបានបណ្តេញចេញពីភាគខាងជើងនៃប្រទេស កាលពីដើមខែមេសានេះ។

ប្រធានាធិបតីលីទុយអានី លោក ហ្ស៉ីតាណាស់ ណូសេដា (Gitanas Nauseda) បានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គម Twitter នៅថ្ងៃពុធនេះថា «កំពុងធ្វើដំណើរទៅកាន់ទីក្រុង កៀវ ជាមួយនឹងសារដ៏រឹងមាំនៃការគាំទ្រផ្នែកនយោបាយ និងការផ្ដល់ជំនួយផ្នែកយោធា»

ដោយឡែក លោក ប៉ាវែល ហ្ស៊ីរ៉ូត (Pawel Szrot) ប្រធានការិយាល័យប្រធានាធិបតីប៉ូឡូញ លោក អាន់ហ្សិច ឌូដា (Andrzej Duda) ក៏បានគូសបញ្ជាក់ប្រាប់ទូរទស្សន៍ ប៉ុលសាត ញូ (Polsat News) ដែរថាដំណើរទស្សនកិច្ច «ជានិមិត្តរូប» នឹងរួមបញ្ចូលការពិភាក្សាអំពី ព័ត៌មានលម្អិតពីការគាំទ្រនានា។ តែការិយាល័យប្រធានាធិបតីនៃប្រទេសទាំង៤ មិនបានផ្តល់ព័ត៌មានលម្អិតនៃដំណើរទស្សនកិច្ចខាងលើ នោះទេ ក្រោមហេតុផលសន្តិសុខ។

ដំណើរទស្សនកិច្ចខាងលើ បានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាអំពើឃោរឃៅដែលបាន កើតឡើងកំលុងការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន គឺជាអំពើប្រល័យពូជសាសន៍ ខណៈដែលប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានសន្យាថា ប្រទេសរុស្ស៊ីនឹងបន្តប្រតិបត្តិការរបស់ខ្លួនដោយសន្សឹមៗ និងស្ងប់ស្ងាត់ដើម្បីសម្រេចឱ្យបាននូវគោលដៅ របស់ខ្លួន៕