(ស៉ីដនី)៖ រដ្ឋមន្រ្តីអូស្រាលីមួយរូប បានជួបជាមួយមេដឹកនាំសូឡូម៉ុន (Solomon) នាថ្ងៃពុធនេះ ហើយបានស្នើឱ្យប្រទេសដីកោះប៉ាស៉ីហ្វិកមួយនេះ កុំចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។

រដ្ឋមន្ត្រីទទួលបន្ទុកការអភិវឌ្ឍអន្តរជាតិ និងប៉ាស៊ីហ្វិក លោក ហ្សីត សេសែលហ្សា (Zed Seselja) បានទៅដល់ទីក្រុង ហ៊ននៀរ៉ា (Honiara) សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ដែលមានការគាំទ្រពីគណបក្សប្រឆាំងដ៏ធំរបស់អូស្ត្រាលី។ បន្ទាប់ពីជួបជាមួយនាយករដ្ឋមន្រ្តីសូឡូម៉ុន លោក ម៉ាណាសេ សូហ្កាវ៉ារេ (Manasseh Sogavare) និងរដ្ឋមន្រ្តីដទៃទៀតរបស់សូឡូម៉ុន លោក Seselja បានប្រាប់ដូច្នេះថា «យើងបានស្នើឱ្យសូឡូម៉ុនពិចារណាលើ ការកុំចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន ហើយប្រឹក្សាយោបល់ជាមួយគ្រួសារតំបន់ប៉ាស៉ីហ្វិក ក្រោមស្មារតីបើកចំហនិងដោយមានតម្លាភាព ព្រមទាំងស្របទៅតាមក្របខណ្ឌសន្តិសុខនៃតំបន់របស់យើង»

លោករដ្ឋមន្រ្តីអូស្រ្តាលី ក៏បានសង្កត់ធ្ងន់ថា អូស្រ្តាលីគឺជាដៃគូអភិវឌ្ឍធំជាងគេបង្អស់របស់សូឡូម៉ុន ហើយនឹងរៀបចំថវិកាចំនួន ១១៩លានដុល្លារអាមេរិក ដើម្បីជួយគាំទ្រដល់សូឡូម៉ុន ក្នុងឆ្នាំនេះ៕

គួរបញ្ជាក់ថា អូស្ត្រាលី, នូវែលសេឡង់, សហរដ្ឋអាមេរិក និងប្រទេសជិតខាងនៃកោះប៉ាស៊ីហ្វិកមួយចំនួនបានរិះគន់សូឡូម៉ុនថា កំពុងធ្វើឱ្យខូចដល់ស្ថិរភាពក្នុងតំបន់ ជុំវិញបំណងចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន ខណៈពួកគេយល់ថា វាអាចនឹងអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានទ័ពនៅទីនោះ ក្នុងពេលអនាគតដ៏ខ្លី៕