(វ៉ាស៊ីនតោន)៖ ស្ថានទូតរុស្ស៉ី ប្រចាំទីក្រុងវ៉ាស៊ីនតោន បានច្រានចោលការអះអាងដែលមិនមានមូលដ្ឋានច្បាស់លាស់របស់អ្នកនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក លោក នេត ប្រាយ (Ned Price) អំពីលទ្ធភាពរបស់រុស្ស៉ី ក្នុងការប្រើប្រាស់អាវុធគីមីនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ស្ថានទូតរុស្ស៉ី បានបញ្ជាក់យ៉ាងដូច្នេះថា «ការអត្ថាធិប្បាយរបស់លោក Price កាលពីថ្ងៃទី១២ ខែមេសា កន្លងទៅ ដែលថារុស្ស៉ីអាចប្រើប្រាស់អាវុធគីមី ដោយសារតែបរាជ័យ ក្នុងការធ្វើប្រតិបត្តិការយោធា គឺគ្មានភស្តុតាងទាល់តែសោះ»

សេចក្តីថ្លែងការណ៍ដដែលបន្ថែមទៀតថា កងកម្លាំងរុស្ស៉ីមិនមាន ហើយមិនអាចធ្វើសង្រ្គាមដោយប្រើសារធាតុគីមីណាមួយនោះទេ ព្រោះរុស្ស៉ី បានបំផ្លាញចោលឃ្លាំងស្តុកអាវុធគីមី តាំងពីឆ្នាំ២០១៧មកម្ល៉េះ។

ជាមួយគ្នានេះ ស្ថានទូតរុស្ស៉ីក៏បានអំពាវនាវដល់ទីក្រុងវ៉ាស៊ីនតោន ឲ្យបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត ខណៈដែលសហរដ្ឋអាមេរិក នៅតែជារដ្ឋភាគីតែមួយគត់នៃអនុសញ្ញាអាវុធគីមី ដែលមិនបានបំពេញតាមការសន្យាជាអន្តរជាតិ៕