(សេអ៊ូល)៖ ក្រសួងសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃពុធនេះបាននិយាយថា ខ្លួននឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៤ សម្រាប់ក្រុមមនុស្សចាស់ដែលមានអាយុលើសពី ៦០ឆ្នាំ ខណៈដែលប្រទេសនេះនៅតែបន្តប្រយុទ្ធប្រឆាំងជាមួយនឹងវីរុសបំប្លែងថ្មី Omicron។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។

រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង លោក វ៉ុន ដឹកឆុល (Kwon Deok-cheol) បានគូសបញ្ជាក់ប្រាប់កិច្ចប្រជុំមួយថា «រដ្ឋាភិបាលគ្រោងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៤ ជូនដល់ក្រុមមនុស្សចាស់ដែលមានអាយុលើសពី ៦០ឆ្នាំ ខណៈអត្រានៃការឆ្លងនៅក្នុងក្រុមអាយុនេះ បានបន្តកើនឡើងដល់លើសពី ២០% ហើយ»

គួរបញ្ជាក់ថា ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) នៅថ្ងៃពុធនេះបានរាយការណ៍ពី ការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៩៥,៤១៩ករណីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស បានកើនឡើងដល់ ១៥,៨៣០,៦៤៤ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ២០,០៣៤នាក់។

រហូតមកដល់ពេលនេះ មនុស្សចំនួន ៣១៦,៦០៨នាក់នៅប្រទេសកូរ៉េខាងត្បូង បានទទួលការវ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៤ ខណៈប្រហែល ៣៣លាននាក់ ដែលស្មើនឹង ៦៤.២%នៃចំនួនប្រជាជនសរុបបានទទួលការចាក់ដូសទី៣៕