(វ៉ាស៊ីនតោន)៖ រូបភាពជាច្រើនសន្លឹកចេញផ្សាយដោយក្រុមហ៊ុនបច្ចេកវិទ្យាផ្កាយរណប Maxar Technologies បានបង្ហាញថាពីសកម្មភាព នៃក្បួនយានយន្ដយោធារុស្ស៉ី នៅក្នុងតំបន់ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយកងទ័ពជើងគោក កំពុងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ព្រំដែនរុស្ស៉ីជាប់អ៊ុយក្រែន ដែលនេះអាចជាសញ្ញាត្រៀមបើកការវាយលុកជាថ្មី។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។

បើតាមក្រុមហ៊ុន Maxar Technologies, នៅក្នុងប្រទេសអ៊ុយក្រែន ក្បួនយានយន្ដយោធារុស្ស៉ីកំពុងធ្វើដំណើរនៅក្នុង និងក្បែរតំបន់ដុនបាស់ ដោយមានយានយន្ដយោធាចំនួន ២០០គ្រឿង ក្នុងនោះរួមមានទាំងរថក្រោះ, កាំភ្លើងធំ និងរថពាសដែកជាដើម។ បន្ថែមពីលើនេះ ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះក៏បានផ្ដិតយករូបភាពបង្ហាញពីសកម្មភាពដាក់ពង្រាយកងទ័ព, ការបោះជំរំ និងយានយន្ដ យោធានៅក្នុងតំបន់ជនបទសូឡូទី (Soloti) របស់រុស្ស៉ីផងដែរ។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារសប្ដាហ៍នេះបានឱ្យដឹងថារុស្ស៉ីនឹងបន្តធ្វើប្រតិបត្តិការយោធា រហូតទាល់តែ សម្រេចគោលដៅទាំងស្រុង ជាមួយការសង្កត់ធ្ងន់ថាកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែនបានដើរដល់ផ្លូវទាល់ហើយ៕