(ឡុងដ៍)៖ អនុរដ្ឋមន្រ្តីការពារជាតិអង់គ្លេស ទទួលបន្ទុកកងកម្លាំងប្រដាប់អាវុធ លោក ជេមស៍ ហៀបភី (James Heappey) បានបញ្ជាក់នៅថ្ងៃអង្គារសប្តាហ៍នេះថា យោធាអង់គ្លេសនឹងធ្វើការបណ្តុះបណ្តាល ដល់ទាហានអ៊ុយក្រែន នៅលើទឹកដីអង់គ្លេស ចំពោះមុខជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។ នេះបើយោងតាមការដកផ្សាយពី សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។

លោក Heappey បានប្រាប់វិទ្យុ LBC ថា «ទាហានអ៊ុយក្រែននឹងមកដល់អង់គ្លេស ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ដើម្បីរៀនពីរបៀបប្រើប្រាស់រថពាសដែក ដែលចក្រភពអង់គ្លេស សន្យាផ្គត់ផ្គង់ដល់អ៊ុយក្រែន ហើយនៅពេលនេះ រថពាសដែកចំនួន ១២០គ្រឿង បានរៀបចំរួចរាល់សម្រាប់ការហ្វឹកហ្វឺន»

បើតាមបទសម្ភាសន៍ដាច់ដោយឡែកមួយទៀត ជាមួយទូរទស្សន៍ BBC លោក Heappey បាននបញ្ជាក់ថា «ក្រៅពីរថពាសដែក ចំនួន១២០គ្រឿង កញ្ចប់ជំនួយយោធាក៏នឹងរួមបញ្ចូលនូវ មីស៉ីលប្រឆាំងយន្តហោះ, មីស៉ីលប្រឆាំងរថក្រោះ, មីស៉ីលប្រឆាំងនាវា រួមទាំងដ្រូនអត្តឃាតផងដែរ។

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីចុងសប្តាហ៍មុន នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានសន្យាផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាបន្ថែមទៀត ដល់អ៊ុយក្រែន ដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៉ី៕