(បែរឡាំង)៖ ប្រភពពីរដ្ឋាភិបាលទីក្រុងបែរឡាំង បានឱ្យដឹងថា អាល្លឺម៉ង់កំពុងថ្លឹងថ្លែងការអញ្ជើញនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ឱ្យចូលរួមកិច្ចប្រជុំកំពូល G7 ដែលខ្លួននឹងរៀបចំឡើងនៅខែមិថុនាខាងមុខ ដោយសារតែគោលជំហរឥណ្ឌាចំពោះរុស្ស៉ី ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bloomberg នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។

អាល្លឺម៉ង់គ្រោងអញ្ជើញសេណេហ្កាល់ អាហ្រ្វិកខាងត្បូង និងឥណ្ឌូណេស៉ី ឱ្យធ្វើជាភ្ញៀវកិត្តិយស ចូលរួមក្នុងកិច្ចប្រជុំកំពូល G7 ដែលនឹងប្រារព្ធឡើងនៅរដ្ឋបារ៉ាវៀ (Baravia) ប៉ុន្តែសម្រាប់ឥណ្ឌាគឺកំពុងស្ថិតក្រោមការពិចារណាឡើងវិញ។ បើតាមប្រភពដដែល ឥណ្ឌាតាមពិតស្ថិតក្នុងបញ្ជីឈ្មោះភ្ញៀវអាល្លឺម៉ង់ចង់អញ្ជើញ ដែលត្រូវបានព្រាងឡើងតាំងតែពីមុនពេលសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងទៅទៀត។ យ៉ាងណាក្តី មិនទាន់មានការសម្រេចចិត្តចុងក្រោយនៅឡើយទេ។

ឥណ្ឌាស្ថិតក្នុងចំណោមប្រទេសជាង៥០ ដែលបានធ្វើអនុបវាទក្នុងការបោះឆ្នោតរបស់អង្គការសហប្រជាជាតិ ស្តីពីការផ្អាកសមាជិកភាពរបស់រុស្ស៉ីនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ហើយមិនបានដាក់ទណ្ឌកម្មណាមួយឡើយប្រឆាំងនឹងទីក្រុងមូស្គូ។ ឥណ្ឌាក៏ជាប្រទេសដែលទិញសព្វាវុធយ៉ាងច្រើនពីរុស្ស៉ីផងដែរ។

គួរបញ្ជាក់ថា ក្រុមប្រទេស G7 ដែលរួមមានសហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៉ីតាលី និងជប៉ុន បាននិងកំពុងដឹកនាំកិច្ចប្រឹងប្រែង ដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងចាស់ដៃលើប្រទេសរុស្ស៉ី សម្រាប់ការឈ្លានពានលើអ៊ុយក្រែន៕