(ប៉េកាំង)៖ ទិន្នន័យដែលក្រសួងការងារអាមេរិកចេញផ្សាយនៅថ្ងៃទី១២ ខែមេសា បានបង្ហាញថា នៅខែមីនា សន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់របស់អាមេរិក បានកើនឡើង១.២ភាគរយ បើប្រៀបធៀបនឹងខែកុម្ភៈ និងបានកើនឡើង៨.៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២១ កម្រិតកំណើនប្រៀបធៀបនឹងរយៈពេលដូចគ្នា បានឡើងដល់កម្រិតខ្ពស់បំផុតចាប់ពីខែធ្នូ ឆ្នាំ១៩៨១មក។

ទិន្នន័យបានបង្ហាញថា បើប្រៀបធៀបនឹងខែកុម្ភៈ នៅខែមីនា កម្រិតកំណើនប្រៀបធៀបនឹងខែមុន និងរយៈពេលដូចគ្នានៃឆ្នាំមុន សុទ្ធតែបានកើនឡើងយ៉ាងខ្លាំង ដែលបានបង្ហាញថា អតិផរណារបស់អាមេរិក មានភាពតឹងរ៉ឹងពីមួយថ្ងៃទៅមួយថ្ងៃ។ នៅខែមីនា ដោយរងឥទ្ធិពលពីកត្តាដូចជាការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន និងការផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ជាដើម បានជាថាមពល ការស្នាក់នៅនិងស្បៀងអាហារ សុទ្ធតែបានឡើងថ្លៃយ៉ាងច្បាស់លាស់។

អ្នកវិភាគបានសម្គាល់ឃើញថា ដោយគិតពិចារណាពីការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន និងផលប៉ះពាល់ជាបន្តបន្ទាប់ ការផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ដោយសារជំងឺកូវីដ១៩ មិនបានកែលម្អ ព្រមនិងតម្រូវការរបស់អ្នកប្រើប្រាស់អាមេរិក ខាងសេវាកម្មលើវិស័យទេសចរណ៍ជាដើម បានកើនឡើង ដូច្នេះក្នុងរយៈពេលដ៏ខ្លីខាងមុខ កម្រិតអតិផរណារបស់អាមេរិក ប្រហែលគ្មានលទ្ធផលធ្លាក់ដល់ ២ភាគរយ ដែលជាគោលដៅអតិផរណារបស់ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក៕