(ញូយ៉ក)៖ ប៉ូលិសទីក្រុងញូវយ៉ក បាននិយាយថា ពួកគេបានកំណត់អត្តសញ្ញាណ «បុគ្គលដែលគួរឲ្យសង្ស័យ» បានហើយពាក់ព័ន្ធ នឹងការបាញ់ប្រហារនៅឯផ្លូវស្ថានីយរថភ្លើងក្រោមដី Brooklyn កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ នេះបើយោងតាម ការចុះផ្សាយរបស់សារព័ត៌មាន Straitstimes នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។

មកទល់នឹងពេលនេះ, អាជ្ញាធរកំពុងតាមប្រមាញ់បុរសអាយុ ៦២ឆ្នាំម្នាក់ ឈ្មោះ ហ្វ្រេង ជេមស៍ (Frank James) ហើយបើតាម ការរៀបរាប់ពីសាក្សី បុរសរូបនោះមានមាឌធំ, ពាក់អាវយឺតពណ៌ប្រផេះ ហើយមានអាវកាក់ពណ៌ទឹកក្រូចពីខាងក្រៅ និងមានពាក់ មួកសុវត្ថិភាពពណ៌បៃតង រួមទាំងម៉ាស់ផងដែរ។

បើតាមស្នងការប៉ូលីសទីក្រុងញូវយ៉ក (NYPD) លោក ឃីចឆែន សេវែល (Keechant Sewell) រថយន្តប្រភេទ U-Haul ដែលបាន រកឃើញក្នុងតំបន់ គឺអាចមានទំនាក់ទំនងជាមួយការបាញ់ប្រហារនេះ ប៉ុន្តែជនសង្ស័យកំពុងរត់គេចខ្លួន។ តាមការសន្និដ្ឋាន, រថយន្ត ដែលបានរកឃើញនៅកន្លែងកើតហេតុ ត្រូវបានជួលនៅទីក្រុង ហ្វីឡាដែលព្យ៉ា (Philadelphia) ហើយមន្ត្រីបានអះអាងថា James អាចមានអាសយដ្ឋាននៅទីក្រុង Philadelphia និងរដ្ឋវីនខូសស៊ីន (Wisconsin)។

គួរបញ្ជាក់ថា យ៉ាងហោចណាស់មនុស្សចំនួន ១៧នាក់ បានរងរបួសនៅក្នុងបាញ់ប្រហារនេះ ដែលក្នុងចំណោមនោះ មាន១០នាក់ បានរងគ្រោះពីការបាញ់ដោយផ្ទាល់។ ប៉ូលិសអាមេរិកក៏បានផ្ដល់រង្វាន់ ៥០,០០០ដុល្លារផងដែរ សម្រាប់ការផ្ដល់ព័ត៌មានដែលនាំទៅ រកការចាប់ខ្លួនជនសង្ស័យ៕