(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom) បានឱ្យដឹងថាទោះបីជា មានការថយចុះនៃចំនួនអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺ COVID-19 លើសកលលោកក៏ដោយ ក៏ជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ នៅតែមិនទាន់បញ្ចប់ឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន CGTN នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។

លោក Tedros ធ្វើការកត់សម្គាល់ដូចខាងលើនេះ នៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងការថ្លែងសុន្ទរកថារបស់គាត់នៅឯវេទិការសាធារណៈ ទាក់ទងនឹងឯកសារអន្តរជាតិថ្មីមួយស្តីពីការត្រៀមខ្លួន និងការឆ្លើយតបនឹងជំងឺឆ្លងរាតត្បាត។ លោក Tedros បានបញ្ជាក់ថា «ចំនួន អ្នកឆ្លងនៅតែមានកម្រិតខ្ពស់ រីឯចំនួនអ្នកចាក់វ៉ាក់សាំងនៅតែមានកម្រិតទាបពេក នៅក្នុងប្រទេសជាច្រើន ហើយការបន្ធូរបន្ថយ វិធានការសុខភាពសាធារណៈ និងសង្គមកំពុងបង្កើតលក្ខខណ្ឌសម្រាប់ការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងថ្មី»។

គួរបញ្ជាក់ថា បើតាលោក Tedros Adhanom គម្លាតនៃការចាក់វ៉ាក់សាំង ដែលជាបញ្ហាប្រឈមដែលកំពុងរារាំងការប្រយុទ្ធប្រឆាំងនឹង ជំងឺ COVID-19 ដោយកត់សម្គាល់ថា ខណៈប្រទេសដែលមានប្រាក់ចំណូលខ្ពស់មួយចំនួន កំពុងដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺ COVID-19 លើកទី៤។ ប៉ុន្តែមួយភាគបីនៃចំនួនប្រជាជនពិភពលោកមិនទាន់ទទួលបានការចាក់សូម្បីតែ ១ដូសនៅឡើយទេ រួមទាំង ៨៣ភាគរយនៃចំនួនប្រជាជននៅទ្វីបអាហ្រ្វិក។

រហូតមកដល់ពេលនេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 សរុបដែលបានកត់ត្រានៅទូទាំងពិភពលោកបានកើនលើស ៥០០លាននាក់ហើយ ដោយមានអ្នកស្លាប់ជាង ៦.១៨លាននាក់៕