(ស៊ីដនី)៖ រដ្ឋមន្រ្តីម្នាក់របស់រដ្ឋាភិបាលអូស្រ្តាលី បានទៅដល់ប្រទេសដែនកោះសូឡូម៉ុន (Solomon) នៅថ្ងៃពុធនេះ ដើម្បីពិភាក្សា លើសំណើនៃកិច្ចព្រមព្រៀងសន្តិសុខរវាងប្រជាជាតិប៉ាស៊ីហ្វិកមួយនេះ និងចិន ដែលអូស្រ្តាលីជំទាស់។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។

រដ្ឋមន្ត្រីទទួលបន្ទុកការអភិវឌ្ឍអន្តរជាតិ និងប៉ាស៊ីហ្វិក លោក ហ្សីត សេសែលហ្សា (Zed Seselja) បានទៅដល់ទីក្រុង ហ៊ននៀរ៉ា (Honiara) សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៃកិច្ចប្រជុំ ដែលមានការគាំទ្រពីគណបក្សប្រឆាំងដ៏ធំរបស់អូស្ត្រាលី។ បន្ទាប់ពី ទៅដល់, លោកបានសរសេរនៅលើគណនី Twitter របស់លោកយ៉ាងដូច្នេះថា «ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោកនឹងជួយ ពង្រឹងទំនាក់ទំនងរវាងអូស្រ្តាលី និងសូឡូម៉ុនបន្ថែមទៀត ហើយអូស្ត្រាលី នឹងបន្តភាពជាដៃគូប្រកបដោយតម្លាភាព និងការគោរព គ្នាទៅវិញទៅមក»

គួរបញ្ជាក់ថា អូស្ត្រាលី, នូវែលសេឡង់, សហរដ្ឋអាមេរិក និងប្រទេសជិតខាងនៃកោះប៉ាស៊ីហ្វិកមួយចំនួនបានរិះគន់ថាសូឡូម៉ុនថា កំពុងធ្វើឱ្យខូចដល់ស្ថិរភាពក្នុងតំបន់ ជុំវិញបំណងចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយចិនដែលមិនទាន់ត្រូវបានចុះហត្ថលេខា ខណៈ ពួកគេយល់ថាអាចនឹងអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានទ័ពក្នុងពេលអនាគតដ៏ខ្លី។