(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុន មិនអើពើការរិះគន់របស់សហគមន៍អន្តរជាតិ និងការរួមគ្នាប្រឆាំងរបស់ប្រជាជនជប៉ុន ចំនួនលើសពី១៨០,០០០នាក់ គ្រោងផែនការកសាងច្រកបង្ហូរទឹក នៅបាតសមុទ្រសម្រាប់បង្ហូរទឹកសំណល់នុយក្លេអ៊ែរក្រុង Fukushima នៅពាក់កណ្តាលខែមេសាតាមទំនើងចិត្ត។ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានជប៉ុនឱ្យដឹងថា សំណង់លើផ្ទៃដីបានសម្រេចរួចហើយ ហើយការងារត្រៀមរៀបចំ ពាក់ព័ន្ធក៏បានដំណើរការផងដែរ។ តាមការប៉ាន់ប្រមាណ នឹងបង្ហូរទឹកសំណល់នុយក្លេអ៊ែរជាផ្លូវការ នៅរដូវផ្ការីក ឆ្នាំ២០២៣។

រោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរក្រុង Fukushima ធ្លាប់កើតមានឧប្បត្តិហេតុនុយក្លេអ៊ែរថ្នាក់កំពូល ដូច្នេះ ទឹកសំណល់នុយគ្លេអ៊ែរគឺ មានសារធាតុវិទ្យុសកម្មដែលកើតឡើង ដោយសារការបំបែកនុយក្លេអ៊ែរជាច្រើន ដែលខុសគ្នាយ៉ាងខ្លាំងជាមួយនឹងគុណភាពទឹក ដែលបានបង្ហូរនៅពេលរោងចក្រអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរដំណើរការដោយប្រក្រតី ហើយការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ឱ្យចូលក្នុងសមុទ្រគឺមិនដែលមានក្នុងប្រវត្តិសាស្ត្រនោះទេ ពោលគឺមានគ្រោះថ្នាក់ដែលមិនអាចប៉ាន់ស្មានបានដ៏ធំសម្បើម។ ដូច្នេះ ក្នុងរយៈពេលមួយឆ្នាំកន្លងមក សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចចិត្តអាត្មានិយមនេះ របស់រដ្ឋាភិបាលជប៉ុន។ ប្រជាជនជប៉ុនក៏បានរៀបចំធ្វើមីទីញឥតឈប់ឈរ ដើម្បីប្រឆាំងការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុន មិនអើពើការប្រឆាំងយ៉ាងខ្លាំងពីប្រទេសជប៉ុននិងអន្តរជាតិសោះឡើយ ដោយនៅតែអនុវត្តតាមផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រតាមអ្វីដែលហៅថា «តារាងពេលវេលា» ជាបណ្តើរៗ ការនេះបានបង្ហាញយ៉ាងពេញលេញថា អ្វីដែលភាគីជប៉ុនហៅថា «ត្រងស្តាប់មតិប្រជាជន» និងអញ្ជើញអង្គការថាមពលបរិមាណូអន្តរជាតិ ទៅធ្វើការវាយតម្លៃនៅជប៉ុន សុទ្ធតែជាទង្វើនិយាយផ្សេងធ្វើផ្សឹង ដែលប៉ុនប៉ងលាក់បាំងការពិត។

អ្វីដែលមានភាពច្បាស់លាស់នោះគឺ ការបង្ហូរទឹកសំណល់ទៅក្នុងសមុទ្រ មិនមែនជាបញ្ហាឯកជនរបស់ជប៉ុននោះទេ តែគឺពាក់ព័ន្ធដល់សន្តិសុខអេកូ-បរិស្ថានសមុទ្រទូទាំងពិភពលោក និងសុខភាពរបស់ប្រជាជននៃប្រទេសនានា។ បច្ចុប្បន្ននេះ រោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរទីមួយនៃក្រុង Fukushima បានស្តុកទុកទឹកសំណល់នុយគ្លេអ៊ែរលើសពី១.២៥លានតោន។ ពិតមែនតែភាគីជប៉ុនអះអាងថា នឹងបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងសមុទ្រ បន្ទាប់ពីធ្វើចំណាត់ការរួចក៏ដោយ ក៏ប៉ុន្តែបុគ្គលិកសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ បានលើកឡើងថា ទោះបីអ៊ីចឹងក៏ដោយ ក៏នៅតែមានលទ្ធភាពបណ្តាលឱ្យ អ៊ីសូតូបវិទ្យុសកម្មបន្សល់ទុកក្នុងសត្វឬរុក្ខជាតិសមុទ្រ រហូតដល់សន្សំសំចៃក្នុងខ្លួនប្រាណមនុស្ស។

យោងតាម «អនុសញ្ញាច្បាប់សមុទ្រនៃអង្គការសហប្រជាជាតិ» ប្រទេសនានាមានកាតព្វកិច្ចការពារបរិស្ថានសមុទ្រ ត្រូវរ៉ាប់រងទំនួលខុសត្រូវតាមច្បាប់អន្តរជាតិ។ ប្រសិនបើភាគីជប៉ុនធ្វើតាមតែទំនើងចិត្ត នោះប្រទេសជិតខាងនៃអាស៊ីប៉ាស៊ីហ្វិក រហូតដល់ប្រទេសតាមឆ្នេរសមុទ្រទូទាំងពិភពលោក សុទ្ធតែមានសិទ្ធិចាត់ប្រតិបត្តិការ ដើម្បីប្តឹងនិងទាមទារប្រាក់សំណងចំពោះភាគីជប៉ុន តាមរយៈវិធីដូចជាប្តឹងនៅស្ថាប័នតុលាការអន្តរជាតិជាដើម។

ភាគីជប៉ុនគួរតែលុបចោលភ្លាមនូវសេចក្តីសម្រេចចិត្តដ៏ខុសឆ្គង ស្តីពីការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងមហាសមុទ្រ ត្រូវធ្វើសេចក្តីសម្រេចចិត្តបន្ទាប់ពីធ្វើការវាយតម្លៃយ៉ាងម៉ត់ចត់ ចំពោះគម្រោងដោះស្រាយទឹកសំណល់នុយក្លេអ៊ែរគ្រប់បែបយ៉ាង ដើម្បីឆ្លើយតបដោយសមហេតុផលចំពោះ ប្រជាជនជប៉ុននិងសហគមន៍អន្តរជាតិ ក៏ដូចជាបញ្ឈប់អនុវត្តផែនការដ៏មានគ្រោះថ្នាក់ ដែលបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ៕