(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) នៅថ្ងៃពុធនេះ បានចំអកដល់ទីក្រុងមូស្គូ ដែលថាសង្រ្គាមកំពុងដំណើរការយ៉ាងរលូន ដោយចោទសួរទៅកាន់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថាតើអាចអនុម័តផែនការដែល ធ្វើឲ្យទាហានរុស្ស៉ីស្លាប់ជាច្រើននាក់បានយ៉ាងដូចម្តេច។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។

កាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោកពូទីន បានលើកឡើងថា «រុស្ស៉ីនឹងសម្រេចបាននូ គោលដៅ នៃប្រតិបត្តិការយោធាពិសេសរបស់ខ្លួន ដោយសន្សឹមៗ»។ ជុំវិញការលើកឡើងរបស់លោក ពូទីននេះដែរ, លោក ហ្សេលេនស្គីបានបញ្ជាក់នៅក្នុងសារជាវីដេអូដូច្នេះថា «រុស្ស៉ី ម្តងហើយម្តងទៀត បានអះអាងចំពោះអ្វីដែលខ្លួនហៅថាប្រតិបត្តិការយោធា ពិសេស គឺកំពុងដំណើរការទៅតាមផែនការ ប៉ុន្តែបើ និយាយដោយត្រង់ទៅ យើងពិតជាពិបាកយល់ពីរបៀបដែលផែនការនេះត្រូវបានអនុម័ត, តើផែនការដែលនាំឲ្យទាហានរបស់ខ្លួនស្លាប់ រាប់ម៉ឺននាក់ នៅក្នុងសង្រ្គាមជាងមួយខែនេះ គួរតែកើតមាន ឬយ៉ាងដូចម្តេច? តើនណារជាអ្នកអនុម័តផែនការនេះ?

គួរបញ្ជាក់ថា ក្នុងធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅ រុស្ស៉ីបានឲ្យដឹងថាទាហានរបស់ខ្លួនចំនួន ១,៣៥១នាក់ ត្រូវបានសម្លាប់ចាប់តាំងពីប្រតិបត្តិការនេះបានចាប់ផ្តើម ខណៈអ៊ុយក្រែនថាចំនួនទាហានរុស្ស៉ីស្លាប់មានជិតដល់ ២០,០០០នាក់ ឯណោះ៕