(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា នៅថ្ងៃពុធនេះ តួលេខមនុស្សស្លាប់ដោយសារទឹកជំនន់ និងគ្រោះរអិលបាក់ដី នៅក្នុងប្រទេសហ្វីលីពីន បានកើនដល់៥៨នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។

អ្នកបាត់បង់ជីវិតភាគច្រើន ដោយសារតែឥទ្ធិពលនៃព្យុះត្រូពិច មេហ្គី (Megi) គឺស្ថិតនៅខេត្ត លៃទី (Leyte) ភាគកណ្តាល ដែលបានទទួលរងហេតុការណ៍គ្រោះបំណាក់ដីយ៉ាងអាក្រក់ៗ។ នៅខេត្ត Leyte មានមនុស្សយ៉ាងហោច៤៧នាក់ស្លាប់, ២៧នាក់បាត់ខ្លួន និងជាង១០០នាក់ រងរបួស។

គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារគ្រប់គ្រង់គ្រោះមហន្តរាយរបស់ហ្វីលីពីន មនុស្ស៣នាក់ ក៏បានស្លាប់នៅខេត្ត ណេហ្រ្គោស អូរែនតាល់ (Negros Oriental) និង៣នាក់ទៀតនៅកោះ មិនដាណាវ (Mindanao)។ រីឯកាលថ្ងៃអង្គារសប្តាហ៍នេះ គ្រោះបំណាក់ដីថ្មីទៀត ទើបតែបានវាយប្រហារលើសហគមន៍មួយកន្លែង ស្ថិតក្នុងភូមិ ពីឡា (Pilar) នៃក្រុង ឡាពីញ៉ាស់ (Las Piñas) ភាគខាងត្បូងរដ្ឋធានីម៉ានីល ហើយផ្តាច់ជីវិតមនុស្សយ៉ាងតិច៥នាក់៕