(បាងកក)៖ ផែនការទិញនាវាមុជទឹកចិនរបស់រដ្ឋាភិបាលថៃ បាន និងកំពុងជាប់គាំង បន្ទាប់ពីអាល្លឺម៉ង់បដិសេធផ្គត់ផ្គង់គ្រឿងម៉ាស៊ីន ដែលនាវាមុជទឹកនេះត្រូវប្រើ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Nikkei នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។

រដ្ឋាភិបាលថៃ មានផែនការទិញនាវាមុជទឹក ២គ្រឿងបន្ថែមពីចិន ប៉ុន្តែត្រូវបង្ខំចិត្តផ្អាកទៅវិញកាលពីឆ្នាំ២០២០ ក្រោយមានការរិះគន់ និងជំទាស់យ៉ាងខ្លាំងពីប្រជាជនថៃដែលយល់ថារដ្ឋាភិបាលទីក្រុងបាងកក គួរតែផ្តោតជាអាទិភាពលើការស្ដារសេដ្ឋកិច្ចឱ្យងើបចេញពី COVID-19 ជាមុនសិន។

ដោយឡែក ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីសប្ដាហ៍មុន, នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ក៏បានបង្ហើបផងដែរថា រដ្ឋាភិបាលរបស់លោកនឹងពិរចាណាបញ្ឈប់ផែនការទិញនាវាមុជទឹកពីចិន ប្រសិនបើកិច្ចព្រមព្រៀងទិញមិនទទួលបានការគាំទ្រ ទេនោះ។ «តើយើងត្រូវការទិញនាវាមុជទឹកមួយគ្រឿង ដែលមិនមានម៉ាស៊ីនឬ?» នេះជាការបញ្ជាក់បន្ថែមរបស់លោក ប្រាយុទ្ធ។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃបានឈានដល់កិច្ចព្រមព្រៀងទិញនាវាមុជទឹកពីចិន កាលពីឆ្នាំ២០១៧ ហើយនៅក្រោមកិច្ចព្រមព្រៀងនេះ កងទ័ពជើងទឹកថៃ នឹងទិញនាវាមុជទឹកមួយគ្រឿងពីចិន ក្នុងតម្លៃ ៤០៣លានដុល្លារ ដែលនឹងត្រូវប្រគល់នៅមុនដំណាច់ឆ្នាំ២០២៣៕