(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថាមន្ទីរបញ្ចកោណ នឹងរៀបចំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំមកពីក្រុមហ៊ុនផលិតសព្វាវុធធំៗ ទាំង៨ របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដើម្បីពិភាក្សាពីការផ្គត់ផ្គង់អាវុធដែលអ៊ុយក្រែនត្រូវការ នៅក្នុងករណីដែលសង្រ្គាមជាមួយរុស្ស៉ី អូសបន្លាយពេលរាប់ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។

បើតាមក្រុមមន្ត្រីអាមេរិកខាងលើដដែល ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ, ការិយាល័យនៃមន្ទីរបញ្ចកោណទទួលបន្ទុកទិញអាវុធឱ្យ ក្រសួងការពារជាតិអាមេរិកនឹងជួបប្រជុំក្នុងរយៈពេល ៩០នាទីជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនផលិតអាវុធអាមេរិក ហើយអនុរដ្ឋមន្ត្រីការពារជាតិ លោកស្រី ខេតលីន ហ៊ីក (Kathleen Hicks) ក៏ត្រូវបានរំពឹងថានឹងចូលក្នុងកិច្ចប្រជុំនេះដែរ។

បើតាមមន្ទីរបញ្ចកោណ អាវុធដែលចាំបាច់សម្រាប់អ៊ុយក្រែនបំផុត គឺជាប្រភេទអាវុធធុនតូច ដូចជាមីស៊ីលប្រឆាំងរថក្រោះ Javelin និងមីស៊ីប្រឆាំងយន្ដហោះចម្បាំង Stinger។ មីស៊ីលប្រឆាំងរថក្រោះ Javelin ផលិតរួមគ្នាដោយក្រុមហ៊ុន Raytheon និង Lockheed Martin រីឯមីស៊ីលប្រឆាំងយន្ដហោះចម្បាំង Stinger ផលិតដោយក្រុមហ៊ុន Raytheon។

គួរបញ្ជាក់ថា សេតវិមានកាលពីសប្ដាហ៍មុន បានឱ្យដឹងថារដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានផ្ដល់ជំនួយយោធាមាន ទំហំទឹកប្រាក់ ១.៧ពាន់លានដុល្លារឱ្យអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក ក្នុងនោះរួមមានមីស៊ីល Javelin ៥,០០០គ្រឿង និងមីស៊ីល Stinger ច្រើនជាង ១,៤០០គ្រឿង៕