(ឡុងដ៍)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែនបានដើរដល់ «ផ្លូវទាល់» ហើយ ប្ដេជ្ញានឹងសម្រេចគោលដៅនៃប្រតិបត្តិការយោធារបស់លោកឱ្យទាល់តែបាន ដែលនេះជាសញ្ញាមួយបង្ហាញថាសង្រ្គាមនឹង អូសបន្លាយកាន់តែយូរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។

ការលើកឡើងរបស់លោក ពូទីន ធ្វើឡើងនៅក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងបំផុត ចាប់តាំងពីកងទ័ពរុស្ស៉ីដកថយចេញពីតំបន់ ភាគខាងជើងអ៊ុយក្រែន និងងាកទៅផ្តោតលើតំបន់ដុនបាស់។ ក្នុងសន្ទរកថាដដែលកំលុងបំពេញទស្សនកិច្ចទីតាំងបាញ់បង្ហោះយាន អវកាស វ៉ូស្ដុកនី កូស្មូដ្រូម (Vostochny Cosmodrome) នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ពូទីនក៏បានចោទប្រកាន់ផងដែរថា ទីក្រុងកៀវ គឺជាអ្នកធ្វើឱ្យរាំងស្ទះដល់កិច្ចចរចាសន្តិភាពតាមរយៈការអះអាងថារុស្ស៉ីប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងស្នើសុំការធានា សន្តិសុខដែលគ្រប់ដណ្ដប់លើអ៊ុយក្រែនទាំងមូល។

លោក ពូទីន បានបញ្ជាក់ដូច្នេះថា «យើងបានត្រឡប់ទៅរកស្ថានភាពផ្លូវទាល់សាជាថ្មី»។ ដោយឡែក នៅពេលត្រូវបានសាកសួរថា តើប្រតិបត្តិការនៅអ៊ុយក្រែននឹងសម្រេចបានគោលដៅរបស់ខ្លួនដែរឬទេ? លោក ពូទីនបានឆ្លើយថាជាការពិតណាស់ ខ្ញុំគ្មានសង្ស័យ អ្វីទាំងអស់។

គួរបញ្ជាក់ថា លោក ពូទីន ក៏បានច្រានចោលផងដែរនូវរាល់ការចោទប្រកាន់ថាកងទ័ពរុស្ស៉ីបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ឬអំពើប្រល័យពូជសាសន៍នៅអ៊ុយក្រែន ដោយចាត់ទុកថាវាជារឿងមិនពិត៕