(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយជាលើកដំបូងបំផុតថាប្រតិបត្តិការយោធា របស់រុស្ស៊ីនៅអ៊ុយក្រែន ដែលលោកខាងលិចហៅថាជាការឈ្លានពានគឺមានលក្ខណៈដូចគ្នាទៅនឹងអំពើប្រល័យពូជសាសន៍។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។

លោក បៃដិន ធ្វើការកត់សម្គាល់ខាងលើដោយប្រើពាក្យប្រល័យពូជសាសន៍ នៅក្នុងសុន្ទរកថា នៅឯរោងចក្រអេតាណុលមួយកន្លែង ក្នុងរដ្ឋអាយអូវ៉ា (Iowa)។ លោក បៃដិន បានបញ្ជាក់ដូច្នេះថា «ជាការពិតណាស់, ខ្ញុំហៅវាថាជាអំពើប្រល័យពូជសាសន៍ ពីព្រោះ ការពិតបង្ហាញថាលោក ពូទីន កំពុងព្យាយាមលុបបំបាត់ពូជសាសន៍អ៊ុយក្រែន។ យើងនឹងទុកឱ្យក្រុមមេធាវីសម្រេចចិត្តជាអន្តរជាតិថា តើវាជាអំពើប្រល័យពូជសាសន៍មែន ឬមិនមែន ប៉ុន្តែសម្រាប់ខ្ញុំវាគឺមែន»

គួរបញ្ជាក់ថា លោក ចូ បៃដិន ក៏ធ្លាប់បានហៅលោកប្រធានាធិបតីរុស្ស៉ីថាជាឧក្រិដ្ឋជនសង្រ្គាមផងដែរ តែការលើកឡើងនៅថ្ងៃអង្គារ សប្ដាហ៍នេះគឺជាលើកដំបូងបំផុតដែលលោកចោទរុស្ស៉ីថាប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅអ៊ុយក្រែន។ រុស្ស៉ី បានបដិសេធជាច្រើន លើកថាខ្លួនមិនបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ឬអំពើប្រល័យពូជសាសន៍លើប្រជាជនអ៊ុយក្រែននោះទេ ដោយចោទទៅវិញថា អ៊ុយក្រែន និងលោកខាងលិចកំពុងឃោសនាបោកប្រាស់ ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះរុស្ស៉ី៕