(វ៉ាស៊ីនតោន)៖ កាលពីជាង៤ឆ្នាំមុន, អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបគ្នា នៅក្នុងជំនួបប្រវត្តិសាស្រ្តចំនួន ២លើក នៅសិង្ហបុរី និងវៀតណាម។ នៅពេលនោះលោក ត្រាំ បានទម្លាក់ចោលសង្រ្គាមពាក្យសម្ដី រីឯលោក គីម យល់ព្រមផ្អាកការធ្វើតេស្ដមីស៊ីលអន្តរទ្វីប ICBM និងអាវុធនុយក្លេអ៊ែរ។

ប៉ុន្តែ ជំនួបជាប្រវត្តិសាស្ត្រទាំង២លើកនេះមិនអាចសម្រេចបាននូវលទ្ធផលជាប្រវត្តិសាស្ត្រជាដុំកំភួនអ្វីនោះទេ ហើយឧបទ្វីបកូរ៉េមានភាពស្ងាប់ស្ងាត់ ត្រឹមមួយរយៈពេលខ្លីប៉ុណ្ណោះ ដោយក្រោយបរាជ័យក្នុងកិច្ចប្រជុំកំពូលនៅឯទីក្រុងហាណូយកាលពីឆ្នាំ២០១៩ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង ចាប់ផ្ដើមមើលមុខគ្នាមិនចំជាថ្មី នៅឆ្នាំបន្តបន្ទាប់ អមជាមួយការធ្វើតេស្ដមីស៊ីលឡើងវិញពីសំណាក់កូរ៉េខាងជើង ក្នុងនោះរួមមានទាំងការបាញ់សាកល្បង មីស៊ីលល្បឿនលឿនជាងសំឡេង និងមីស៊ីល ICBM ក្នុងឆ្នាំ២០២២នេះ។ ក្រុមមន្ត្រីអាមេរិកក៏បានព្រមានថាទីក្រុងព្យុងយ៉ាង អាចនឹងធ្វើតេស្ដអាវុធ នុយក្លអ៊ែរជាថ្មីឆាប់ៗនេះផងដែរ ឬអាចក្នុងខែមេសានេះតែម្ដង ចំថ្ងៃខួបកំណើតលើកទី១១០ នៃអតីតមេដឹកនាំកូរ៉េខាងជើង និងត្រូវជាជីតារបស់លោក គីម ជុងអ៊ុន គឺលោក គីម អ៉ីលស៊ុង (Kim Il Sung)។

ការធ្វើតេស្ដមីស៊ីល ឬអាវុធនុយក្លេអ៊ែរត្រូវបានក្រុមអ្នកជំនាញខ្លះយល់ថា គឺជាស្ទីលចាស់របស់កូរ៉េខាងជើង ដែលចង់ប្រើវាដើម្បីដាក់សម្ពាធ និងបង្ខំឱ្យ សហរដ្ឋអាមេរិកត្រឡប់មករកតុចរចា ព្រមទាំងទាញយកសម្បទានដែលខ្លួនត្រូវការតែ។ តែអ្នកជំនាញខ្លះទៀតយល់ថាកូរ៉េខាងជើងនឹងមិន បោះបង់ចោលការធ្វើតេស្ដមីស៊ីល ឬអាវុធនុយក្លេអ៊ែរជាដាច់ខាត ទោះជាសហរដ្ឋអាមេរិក ឬក៏កូរ៉េខាងត្បូងផ្ដល់សម្បទានបែបណាក៏ដោយ។ ដូច្នេះ តើមកពីហេតុអ្វីទៅបានជាអាមេរិក មិនអាចបញ្ឈប់ការធ្វើតេស្ដមីស៊ីល ឬអាវុធនុយក្លេអ៊ែរនៃរបបដឹកនាំលោក គីម ជុងអ៊ុនបាន?

មែនទែនទៅ, ការអភិវឌ្ឍសមត្ថភាពអាវុធនុយក្លេអ៊ែរ និងមីស៊ីល ត្រូវបានរបបដឹកនាំទីក្រុងព្យុងយ៉ាងចាត់ទុកថាជាចំណុចស្លាប់រស់របស់កូរ៉េខាងជើង និងរបបដឹកនាំគ្រួសារត្រកូលគីម។ ជាចំណុចស្លាប់រស់ ដោយសារតែកូរ៉េខាងជើង ត្រូវបានហ៊ុមព័ទ្ធដោយមហាអំណាចរួមមានរុស្ស៉ី, ចិន និងជប៉ុន និងថែមទាំងស្ថិតនៅលើទីតាំងភូមិសាស្ត្រ នៃការប្រជែងដណ្ដើមឥទ្ធិពលគ្នារវាងពួកមហាអំណាច ជាពិសេសគឺចិន និងអាមេរិក។ ម្លោះហើយដើម្បីអាច ឈរពើងទ្រូងបាន គ្រួសារត្រកូលគីម តជំនាន់មកដល់លោក គីម ជុងអ៊ុន បានសន្មត់ថាទាល់តែមានយោធាខ្លាំងក្លា និងអាវុធនុយក្លេអ៊ែរ ទើបអាចនិយាយជាមួយពួកមហាអំណាច តួយ៉ាងដូចជាអាមេរិក ដោយស្មើមុខស្មើមាត់។

ម្យ៉ាងវិញទៀត, ការផ្លាស់ប្ដូររបត់ភូមិសាស្ត្រនយោបាយសព្វថ្ងៃ, វាកាន់តែធ្វើឱ្យលោក គីម ជុងអ៊ុន ប្រាកដនៅក្នុងចិត្តទៅទៀតថាកូរ៉េខាងជើងចាំបាច់ត្រូវ តែមានអាវុធនុយក្លេអ៊ែរ ហើយនេះប្រហែលជាលោក គីម បានទាញសម្មតិកម្មចេញពីជោគវាសនាមេដឹកនាំមួយចំនួន ដែលត្រូវបានអាមេរិកផ្ដួលរំលំ។ អតីតមេដឹកនាំលីប៊ី លោក មូអាំម៉ា កាដាហ្វី (Muammar el‐ Qaddafi) បានយល់ព្រមដោះដូរកម្មវិធីអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងអឺរ៉ុប តែចុងក្រោយ ប្រទេសលោកខាងលិចទាំងនេះបែរជាបោះបង់ចោលដោយទុកឱ្យរូបលោកស្លាប់យ៉ាងអាណោចអាធ័មទៅវិញ។ លើសពីនេះទៅទៀត, មេរៀនរបស់អ៊ុយក្រែនសព្វថ្ងៃ វាក៏កំពុងជំរុញឱ្យលោក គីម ជុងអ៊ុនបោះជំហានកាន់តែធំក្នុងការអភិវឌ្ឍសមត្ថភាពយោធាផងដែរ។
អ៊ុយក្រែនសុខចិត្តបោះបង់ចោលអាវុធនុយក្លេអ៊ែរដែលបន្សល់ទុកដោយអតីតសហភាពសូវៀត ជាថ្នូរទៅនឹងការធានាការពារសន្តិសុខពីសហរដ្ឋអាមេរិក និងពាក្យសន្យាមិនឈ្លានពានពីរុស្ស៉ី។ តែចុងក្រោយ រុស្ស៉ីនៅតែឈ្លានពានអ៊ុយក្រែន រីឯអាមេរិកមិនហ៊ានធ្វើអន្តរាគមន៍ធានាសន្តិសុខឱ្យអ៊ុយក្រែន។

នៅត្រង់ចំណុចនេះ, គេអាចពិចារណាបានលើការកត់សម្គាល់របស់លោក គីម ជុងអ៊ុង កាលពីចុងខែមីនាកន្លងទៅនេះ។ តាមរយៈការស្រង់ពាក្យសម្ដី ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ,លោក គីមបានលើកឡើងត្រង់ៗថាមានតែខ្លួនឯងមានសមត្ថភាពយោធាខ្លាំងក្លាទេ ទើបអាច បញ្ចៀស ឬបង្ការកុំឱ្យសង្រ្គាមផ្ទុះឡើងបាន។

គួរបញ្ជាក់ថា គោលនយោបាយចំពោះកូរ៉េខាងជើងរបស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ត្រូវបានគេមើលឃើញមានលក្ខណៈស្រដៀងគ្នានឹង គោលនយោបាយ នៃអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ាដែរ នោះគឺ «យុទ្ធសាស្ត្រអត់ធ្មត់»។ ពោលគឺប្រសិនបើ កូរ៉េខាងជើងគ្រាន់តែប្រើ វោហាសាស្ត្រគំរាមកូរ៉េខាងត្បូង, ជប៉ុន ឬសហរដ្ឋអាមេរិក នោះយុទ្ធសាស្ត្រនេះអាចដំណើរការទៅមុខ។ ប៉ុន្តែ អ្វីដែលគេឃើញសព្វថ្ងៃ កូរ៉េខាងជើង កាន់តែមានសមត្ថភាពយោធាកាន់តែរីកចម្រើន ដោយវិទ្យាស្ថាន RAND Corporation និងវិទ្យាសា្ថន Asan បានវាយតម្លៃថាកូរ៉េខាងជើងអាចនឹងមាន មីស៊ីលអន្តរទ្វីប ICBM បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររាប់រយគ្រាប់ដែលអាចបាញ់ដល់ទឹកដីអាមេរិក នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខនេះ៕

ប្រភព៖ វិទ្យាស្ថាន Cato (ថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២)