(ឡុងដ៍)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញខ្លួនជាសាធារណៈដ៏កម្រនៅថ្ងៃអង្គារនេះ ដើម្បីការពារការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ដែលជាលើកទីមួយរបស់លោកចាប់តាំងពីទីក្រុងមូស្គូបានដកទ័ពចេញពីភាគខាងជើងអ៊ុយក្រែន បន្ទាប់ពីត្រូវបានដកថយពីច្រកទ្វារទីក្រុងកៀវ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២។

ទូរទស្សន៍រដ្ឋបានបង្ហាញថា លោក ពូទីន បានទៅធ្វើទស្សនកិច្ចនៅមូលដ្ឋានអវកាស Vostochny នៅចុងបូព៌ារបស់រុស្ស៊ី អមដោយសម្ព័ន្ធមិត្តរបស់លោក គឺប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ដើម្បីប្រារព្ធខួប នៃភាពជោគជ័យរបស់សូវៀតក្នុងការបាញ់បង្ហោះយានអវកាសមនុស្សដំបូងរបស់ខ្លួន។

នៅពេលត្រូវបានសួរ ដោយបុគ្គលិកទីភ្នាក់ងារអវកាសរុស្ស៊ីថា តើប្រតិបត្តិការនៅអ៊ុយក្រែននឹងសម្រេចបាននូវគោលដៅរបស់ខ្លួន ឬយ៉ាងណានោះ លោក ពូទីន បាននិយាយថា «ពិតប្រាកដណាស់ ខ្ញុំមិនមានការសង្ស័យអ្វីទាំងអស់»

លោក ពូទីន បានសង្កត់ធ្ងន់ថា « គោល ដៅ របស់ យើង ពិត ជា ច្បាស់ លាស់ និង ថ្លៃថ្នូរ។ យើងមិនមានជម្រើសទេ។ វាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ»

ប្រធានាធិបតីរុស្ស៊ីរូបនេះបាននិយាយថា គោលបំណងសំខាន់របស់រុស្ស៊ីគឺការពារប្រជាជនដែលនិយាយភាសារុស្សីនៅតំបន់ Donbas នៅភាគខាងកើតអ៊ុយក្រែន និងដើម្បីបញ្ចប់ជំហររបស់អ៊ុយក្រែន ដែលបណ្តុំនៃអារម្មណ៍ជាតិនិយមប្រឆាំងនឹងរុស្ស៊ី៕