(ឡុងដ៍)៖ អនុរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក ជែម ហ៊ីបពី (James Heappey) នៅថ្ងៃអង្គារនេះបាននិយាយថាជម្រើសគ្រប់យ៉ាងត្រៀមនៅ លើតុរួចស្រេចដើម្បីឆ្លើយតប នៅក្នុងករណីមានការវាយប្រហារដោយអាវុធគីមីពីសំណាក់កងទ័ពរុស្ស៉ី នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២។

ការលើកឡើងខាងលើរបស់លោក James Heappey ធ្វើឡើង ខណៈបណ្ដាប្រទេសលោកខាងលិចកំពុងផ្ទៀងផ្ទាត់លើរបាយការណ៍ដែលចោទប្រកាន់ថា រុស្ស៉ីបានប្រើអាវុធគីមីវាយប្រហារលើកងទ័ពអ៊ុយក្រែនក្នុងទីក្រុងម៉ារីយូប៉ូល។ ថ្លែងប្រាប់សារព័ត៌មាន Sky News លោក Heappey បានបញ្ជាក់ដូច្នេះថា «ការប្រើប្រាស់អាវុធគីមីនឹងត្រូវទទួលរងការឆ្លើយតប ហើយជម្រើសគ្រប់យ៉ាងត្រៀមដាក់នៅលើតុរួចជាស្រេច ក្នុងការចាត់វិធានការនានា»

តែយ៉ាងណាក៏ដោយ នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរត្រង់ៗថាតើជម្រើសគ្រប់យ៉ាងនោះ មានទាំងការបញ្ជូកងទ័ពអង់គ្លេស ឬ NATO ទៅកាន់ អ៊ុយក្រែនដែរឬក៏យ៉ាងណា? លោក Heappey បានត្រឹមឆ្លើយថា «អត់ទេ, ជម្រើសគ្រប់យ៉ាងមាននៅលើតុជាស្រេច»