(តូក្យូ)៖ ប្រទេសជប៉ុនបានរាយការណ៍ពីករណីដំបូង នៃមេរោគអូមីក្រុងទម្រង់ថ្មី XE (omicron XE) ដែលត្រូវបានរកឃើញមុនគេក្នុងចក្រភពអង់គ្លេស និង ដែលកំពុងនាំឲ្យករណីឆ្លងកើនឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២។

ក្រសួងសុខាភិបាលជប៉ុន នៅថ្ងៃចន្ទសប្តាហ៍នេះ បានឲ្យដឹងថា មេរោគ omicron XE ត្រូវបានរកឃើញលើស្រ្តីម្នាក់មានអាយុ ៣០ឆ្នាំ ដែលបានមកធ្វើដំណើរពីសហរដ្ឋអាមេរិក មកដល់អាកាសយានដ្ឋានអន្តរជាតិណារីតា (Narita) កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅ។ បើតាមស្ថិតិចុងក្រោយពីទីភ្នាក់ងារសុខភាពរបស់ ចក្រភពអង់គ្លេស, ចាប់តាំងពីមេរោគប្រភេទថ្មីនេះត្រូវបានរកឃើញ វាធ្វើឲ្យចំនួនឆ្លងកើនឡើងទ្វេដង។ គិតត្រឹមថ្ងៃទី៥ ខែមេសា អាជ្ញាធរសុខាភិបាលអង់គ្លេស រកឃើញករណីឆ្លងជំងឺ omicron XE ចំនួន ១,១២៥នាក់ ។

គួរបញ្ជាក់ថា បន្ទាប់ពីត្រូវបានរកឃើញដំបូង កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅឯចក្រភពអង់គ្លេស, omicron XE ក៏ធ្លាប់ត្រូវបានគេរាយការណ៍ផងដែរ នៅក្នុងប្រទេសថៃ, ឥណ្ឌា និងអ៉ីស្រាអែល៕