(តៃប៉ិ)៖ យោធាតៃវ៉ាន់ នៅថ្ងៃអង្គារនេះបានចេញផ្សាយជាលើកដំបូងនូវ «សៀវភៅណែនាំ» ស្ដីពីការការពារជនស៊ីវិល ប្រាប់ពីរបៀបដែលប្រជាជនម្នាក់ៗ ត្រូវធ្វើ នៅក្នុងករណីសង្រ្គាមផ្ទុះឡើង ចំពោះមុខការព្រមានថាសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន អាចនឹងលើកទឹកចិត្តឱ្យចិនប្រើកម្លាំងយោធាលើតៃវ៉ាន់។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២។

បើតាមយោធាតៃវ៉ាន់, សៀវភៅណែនាំខាងលើ នឹងប្រាប់ពីរបៀបរត់គេចខ្លួនពីការទម្លាក់គ្រាប់បែក, រកកន្លែងមានសុវត្ថិភាពតាមរយៈកម្មវិធី ឬ App មួយ នៅលើទូរស័ព្ទដៃស្មាតហ្វូន, ការស្វែងរកទឹក និងចំណីអាហារជាដើម។ លោក លីវ តៃ យី (Liu Tai-yi) ជាមន្ត្រីម្នាក់មកពីក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ដូច្នេះថា «យើងបាន និងកំពុងផ្ដល់ព័ត៌មានដែលណែនាំប្រជាជនពីរបៀបគួរតែធ្វើប្រតិកម្មបែបណា នៅក្នុងករណីសង្រ្គាម ឬវិបត្តិយោធា ណាមួយផ្ទុះឡើង ព្រមទាំងគ្រោះមហន្តរាយនានាដែលអាចកើតឡើងនៅពេលអនាគត»

គួរបញ្ជាក់ថា ចិនតែងតែព្រមានថាខ្លួននឹងប្រើប្រាស់កម្លាំងយោធាភ្លាមៗ ប្រសិនបើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ ឬមានកម្លាំងខាងក្រៅណាមួយព្យាយាម បំបែកតៃវ៉ាន់ចេញពីចិន៕