(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា លោកមានគម្រោងបំពេញដំណើរទស្សនកិច្ចមកកាន់ ប្រទេសជប៉ុននៅចុងខែឧសភាខាងមុខនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្វាដ (Quad) ដែលមានការចូលរួមពីមេដឹកនាំនៃអូស្រ្តាលី និងឥណ្ឌាផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន CGTN នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២។

ថ្លែងក្នុងជំនួបតាមប្រព័ន្ធអនឡាញ ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិន ដ្រាម៉ូឌី (Narendra Modi), លោក បៃដិន បានគូសបញ្ជាក់ថា លោកកំពុងទន្ទឹងរង់ចាំជួបលោក ម៉ូឌី នៅក្នុងប្រទេសជប៉ុន ហើយប្រសិនបើមិនមានការប្រែប្រួលនោះទេ ដំណើរទស្សនកិច្ចរបស់លោកអាចនឹងធ្វើឡើង នៅថ្ងៃទី២៤ ខែឧសភាខាងមុខ ដែលនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់តំបន់អាស៊ី ចាប់តាំងពីលោកបានឡើងកាន់តំណែង កាលពីខែមករា ឆ្នាំ២០២១មក។

លោក ម៉ូឌីក៏បានសង្កត់ធ្ងន់ដែរលើការប្តេជ្ញាចិត្តរួមគ្នា ក្នុងនាមជាមេដឹកនាំនៃលទ្ធិប្រជាធិបតេយ្យ, គោរពអធិបតេយ្យភាព និងបូរណភាពទឹកដី នៃប្រជាជាតិទាំងអស់ នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល Quad គឺជាកិច្ចសន្ទនាស្តីពីសន្តិសុខជាយុទ្ធសាស្រ្តរវាងអូស្ត្រាលី, ឥណ្ឌា, ជប៉ុន, និងសហរដ្ឋអាមេរិក។ ជប៉ុន បាន និងកំពុង រៀបចំកិច្ចប្រជុំមេដឹកនាំ Quad ដោយផ្ទាល់ជាលើកទីពីរ។ ចាប់តាំងពីឡើងកាន់តំណែង, រដ្ឋបាលលោក បៃដិន បានសម្លឹងឃើញថាជប៉ុនគឺជាដៃគូ ដ៏សំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទប់ទល់នឹងការកើនឡើងនៃឥទ្ធិពលរបស់ចិន៕