(ប៉េកាំង)៖ ចាប់ពីភូមិតូចៗរហូតដល់មជ្ឈឹមបក្ស លោក Xi Jinping បានតម្កល់ទុកប្រទេសជាតិនិងប្រជាជនក្នុងចិត្តជាប់ជានិច្ច។ ពេលថ្មីៗនេះទីភ្នាក់ងារព័ត៌មាន XINHUA ចិនបានផ្សព្វផ្សាយអត្ថបទវែង ក្រោមចំណងជើងថា «មនោសញ្ចេតនាចំពោះប្រជាជនរបស់លោក Xi Jinping » ដែលបានរៀបរាប់នូវរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ចំនួន២០រវាងលោកXi Jinping និងប្រជាជនចិន។ វិទ្យុមិត្តភាពកម្ពុជាចិន សូមដកស្រង់និងប្រែសម្រួលរឿងរ៉ាវតូចតាចចំនួន២ ដូចខាងក្រោមនេះ៖

ទី១៖ នេះជាកាយវិការបស់កសិករជើងចាស់

ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ក្រុង Dongying ខេត្ត Shandong ច្រកហូរចូលសមុទ្រនៃទន្លេលឿង។

លោកXi Jinping ដែលកំពុងត្រួតពិនិត្យនៅនេះបានដើរក្នុងដីស្រែគំរូមួយ ឱនខ្លួនបេះសំបកសណ្តែកមួយ ចិបហើយមួលវា ពិនិត្យមើលគុណភាពយ៉ាងម៉ត់ចត់ ដាក់សណ្តែក មួយគ្រាប់ក្នុងមាត់ ទំពារហើយមានប្រសាសន៍ថា៖ «សណ្តែកលូតលាស់ល្អ។»
នេះបានធ្វើឱ្យអ្នកបច្ចេកវិទ្យាកសិកម្មឈរនៅក្បែរភ្ញាក់ផ្អើល ហើយមានអារម្មណ៍ថាគួរឱ្យជិតស្និត៖ «នេះជាកាយវិការបស់កសិករជើងចាស់។»

ខ្លឹមសារនៃពលកម្ម បានក្លាយជាជំនាញសម្រាប់ធ្វើអភិបាលកិច្ច ដើម្បីបម្រើប្រជាជន៖ កាលពីឆ្នាំ២០១២ មុនចូលឆ្នាំចិនលោកបានទៅដល់ផ្ទះអ្នកភូមិ Fuping អង្គុយពែនភ្នែងជាមួយអ្នកភូមិ ជូនពរឆ្នាំថ្មីនិងសួរសុខទុក្ខ, កាលពីឆ្នាំ២០១៨ ពេលចុះទៅពិនិត្យការងារនៅស្រុក Wenchuan ដែលធ្លាប់រងគ្រោះរញ្ជួយដីដ៏ខ្លាំង លោកកិនសណ្តែកធ្វើតៅហ៊ូជាមួយអ្នកភូមិ, និទាឃរដូវឆ្នាំ២០១៩ នៅរដ្ឋធានីប៉េកាំង លោកបានលើកប៉ែលជីកដីដាំដើមឈើដូចឆ្នាំមុនៗ...

ទម្លាប់កាយវិកាបានបង្ហាញពីមនោសញ្ចេតនា ដែលឈរនៅជាមួយប្រជាជនរបស់លោក ទោះរយៈពេលបានកន្លងផុតទៅយូរប៉ុណ្ណាក្តី ក៏មិនដែលប្រែប្រួលនោះទេ។

ទី២៖ លោកបាននាំអ្នកភូមិដើរផ្សារណាត់ធ្វើការស្ទង់មតិ

កាលពីទសវត្ស៨០សតវត្សរ៍មុន លោក Xi Jinping បំពេញមុខងារជាលេខាគណកម្មាការបក្សកុម្មុយនិស្តចិនប្រចាំស្រុក Zhengding ខេត្ត Hebei។ ឥរិយាបថធ្វើការរបស់កម្មាភិបាលវ័យក្មេងរូបនេះ ត្រូវបានសម្គាល់ថាមានលក្ខណៈថ្មីប្លែក។

«លោកមិនដែលអង្គុយទំនេរនៅការិយាល័យទេ។»

កម្មាភិបាលស្រុកនាឆ្នាំនោះ បាននឹករំលឹកថាលោកXi Jinping តែងនាំបុគ្គលិកការងារទៅធ្វើការអង្កេតនិងស្ទង់មតិ «ជាពិសេសថ្ងៃបើកផ្សារណាត់ក្នុងស្រុក លោកបានរៀបតុតាមផ្លូវធំ ទាញដៃអ្នកភូមិដើរលេងផ្សារ មកអង្គុយលេងសំណេះសំណាល ដើម្បីស្វែងយល់ប្រជាមតិ។» ទ្វារទីស្នាក់ការគណៈកម្មធិការបក្សស្រុកក៏បើកទូលាយជាប់រហូត កសិកវ័យចាស់ដែលស្ពាយកន្ត្រកដឹកជីលាមក ដើរចូលមកនិយាយជាមួយលោក Xi Jinping៕