(ភ្នំពេញ)៖ ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលផងដែរ បានរងនូវការវាយលុកយ៉ាងខ្លាំងពីជំងឺកូវីដ-១៩ ដែលបង្កឱ្យខាតបង់សេដ្ឋកិច្ច និងបណ្តាលឱ្យប្រជាជនជាច្រើននាក់បានស្លាប់។ ការណ៍នេះបានជំរុញឱ្យរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធខិតខំរកគ្រប់មធ្យោបាយសហការគ្នា ប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ ដើម្បីសង្គ្រោះអាយុជីវិតប្រជាជន និងសេដ្ឋកិច្ចឱ្យមានភាពប្រកតីឡើងវិញ។

ការគ្រប់គ្រងបាននូវជំងឺកូវីដ១៩នៅកម្ពុជានេះ ពិតជាមិនអាចកាត់ផ្តាច់ពីជំនួយបរិក្ខាវេជ្ជសាស្ត្រ បច្ចេកទេស និងជំនួយវ៉ាក់សាំងរបស់ចិនបានទេ ខណៈដែលកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចិនជាប្រទេសដែលផ្តល់វ៉ាក់កូវីដ-១៩មិនចេះរីងស្ងួត ហើយថែមទាំងបានយកប្រទេសចិន ជាបង្អែកយុទ្ធសម្រាប់ផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ថែមទៀតផង ហើយប្រភពផ្សេងៗទៀត ជាប្រភពគាំទ្រ។ ចំណែក ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាវិញ ក៏ធ្លាប់បានប្រកាសដែរថា ដរាបណាកូវីដ-១៩នៅតែមាន ដរាបនោះប្រទេសចិននៅតែ ផ្តល់ជំនួយវ៉ាក់សាំងដល់កម្ពុជារហូត។ មកដល់ពេលនេះ ប្រទេសចិនបានសម្រេចផ្តល់វ៉ាក់សាំង ជូនដល់ប្រទេសកម្ពុជាប្រមាណ ៥៧លានដូសហើយ ក្នុងនោះមានជំនួយជាង២៨លានដូស និងការបញ្ជាទិញរបស់កម្ពុជា ពីរដ្ឋាភិបាលចិនមានប្រមាណ ២៩លានដូស។ ដោយវ៉ាក់សាំងទាំងអស់នេះ ត្រូវបានបញ្ជូនមកកម្ពុជាជាបន្តបន្ទាប់ និងតំណាក់កាលផ្សេងៗគ្នា។

ឯកឧត្តមបណ្ឌិតគិន ភាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា ជោគជ័យលើការងារប្រយុទ្ធប្រឆាំងកូវីដ-១៩នៅកម្ពុជា មានកក្តាសំខាន់ៗចំនួន៣ ទី១៖ គឺភាពច្បាស់លាស់របស់រាជរដ្ឋាភិបាល ដែលសម្រេចចិត្តផ្នែកនយោបាយដ៏ត្រឹមត្រូវ លើការងារចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋទាន់ពេលវេលា។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានជ្រើសរើសចិនអ្នកផ្គត់ផ្គង់វ៉ាក់សាំងយុទ្ធសាស្រ្ត ចាប់តាំងពីដើមទីមកម្លេះ។ ចំណុចទី២៖ ការរួមចំណែករបស់ប្រជាជនជាមួយរាជរដ្ឋាភិបាល បើប្រជាពលរដ្ឋមិនចូលរួមនោះទេ ក៏មិនអាចជោគជ័យលើការងារទប់ស្កាត់កូវីដ១៩បានដែរ។ ចំណុចទី៣៖ គឺការរួមពីសហគមន៍អន្តរជាតិ ជាពិសេសប្រទេសចិន ដែលបានផ្តល់ជំនួយទាំងវ៉ាក់សាំងការពារកូវីដ-១៩ បរិក្ខាពេទ្យ បច្ចេកទេសផ្សេងៗ និងការបញ្ជូនគ្រូពេទ្យស្ម័គចិត្តមកកម្ពុជា ពោលគឺប្រទេសចិនជាផ្នែកមួយ ដ៏សំខាន់បំផុតក្នុងការប្រឆាំងកូវីដ-១៩នេះ។ ក្រៅពីនេះក៏មានដៃគូអន្តរជាតិមួយចំនួនទៀត ដែលបានផ្តល់វ៉ាក់សាំង សម្ភារៈផ្សេងៗទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីផងដែរ។

ដោយមានការខិតខំគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល និងការចូលរួមពីប្រជាពលរដ្ឋ ព្រមទាំងការប្តេជ្ញាចិត្ត ដោយស្មោះត្រង់របស់មិត្តចិនធ្វើឱ្យស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា បានថយចុះពីតួលេខ៤ខ្ទង់ រហូតធ្លាក់មកដល់២ខ្ទង់ ពោលគឺពីមុនមានអ្នកឆ្លងច្រើនជាង១ពាន់នាក់ ក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្ននេះ ធ្លាក់ចុះមកត្រឹមតែជាង១០នាក់ប៉ុណ្នោះក្នុងមួយថ្ងៃ។

ប្រទេសកម្ពុជាត្រូវបានគេវាយតម្លៃថា បានឈលើលេខរៀងទី២ ក្នុងនាមជាប្រទេសដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19 លឿនជាងគេ នៅលើពិភពលោក ខណៈលេខរៀងទី១គឺប្រទេសអេមីរ៉ាតអារ៉ាប់រួម។

បន្ទាប់ពីបានតាមដាននិងគ្រប់គ្រងពីស្ថានភាពកូវីដ-១៩យ៉ាងប្រុងប្រយ័ត្នមក តាមរយៈសារជាសំឡេងពិសេសជូនជនរួមជាតិ កាលពីល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានម្រេចដាក់ខេត្ត រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ ជាខេត្តដែលទុកលទ្ធភាពឱ្យបុគ្គលជាអ្នកសម្រេចថា ត្រូវពាក់ ឬមិនពាក់ម៉ាស់ មិនបង្ខំ ឬតម្រូវចាំបាច់ ដូចមុនទៀតទេ។ សម្តេចតេជោបានបញ្ជាក់ថា ការសាកល្បងនេះ មិនមែនយកអាយុជីវិតរបស់ប្រជាជន មកសាកល្បងឡើយ ក៏ប៉ុន្តែយើងចង់ដឹងអំពីភាពធន់ភាពសុំាសហគមន៍របស់យើង ទាំងទីក្រុងនិងជនបទ ហើយខេត្តដែលដាក់ឱ្យអនុវត្តនេះជាខេត្តដែលគ្មានឆ្លង បើមានក៏មានតិចតួចណាស់ ក្នុងរយៈកាលកន្លងមកនេះ។

សរុបសេចក្តីមក ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវ៉ៃ ប៉ិនប្រសពរបស់សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រពីប្រទសចិន រួមទាំងអង្គការអន្តរជាតិ ប្រទេសដៃគូមួយចំនួន ពេលកន្លងមកនេះ គេអាចមើលឃើញយ៉ាងច្បាស់ថា ប្រទេសកម្ពុជាបានកំពុងបោះជំហានយ៉ាងស្វាហាប់ ឆ្ពោះទៅរកភាពជោគជ័យលើសមរភូមិកូវីដ-១៩ហើយ៕

(អត្ថបទវិទ្យុមិត្តភាពកម្ពុជា-ចិន)