(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃអង្គារនេះ បានសម្រេចបង្កកទ្រព្យសម្បត្តិរបស់បុគ្គលចំនួន ៣៩៨នាក់ រួមទាំងកូនស្រី២នាក់ របស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន រួមជាមួយស្ថានប័នចំនួន២៨ផ្សេងទៀត ដែលជាផ្នែកនៃការដាក់ទណ្ឌកម្មបន្ថែមរបស់ខ្លួន ទៅលើប្រទេសរុស្ស៉ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានជប៉ុន នីបផុន (Nippon) នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២។

ការសម្រេចចិត្តរបស់ទីក្រុងតូក្យូ ធ្វើឡើងស្របតាមការប្រកាសរបស់ លោកនាយករដ្ឋមន្រ្តី ហ្វូមីអូ គីស៊ិដា (Fumio Kishida) ដើម្បីបញ្ជាក់ពីគោលជំហររបស់ជប៉ុន ជាមួយក្រុមប្រទេស G7។ បុគ្គលទាំង ៣៩៨នាក់ ដែលនឹងត្រូវបង្កកទ្រព្យសម្បត្តិ រួមមានទាំងកូនស្រីរបស់លោកពូទីន គឺនាង ម៉ារៀ វ៉ូរ៉ុនស៉ូវ៉ា (Maria Vorontsova) និង ខេតធឺរីណា ទីខុនណូវ៉ា (Katerina Tikhonova) ក៏ដូចជាភរិយា និងកូនស្រីរបស់លោក សឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) ដែលជារដ្ឋមន្រ្តីការបរទេសរុស្ស៉ីផងដែរ។

ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុន ក៏បានសម្រេចហាមឃាត់ ការនាំចូលផលិតផលគ្រឿងស្រវឹងពីរុស្ស៉ី ក៏ដូចជាគ្រឿងចក្រ គ្រឿងអេឡិចត្រូនិច និងឈើ ដែលនឹងចូលជាធរមាន ចាប់ពីថ្ងៃទី១៩ ខែមេសា ហើយផលិតផលស្ថិតនៅក្រោម កិច្ចសន្យានាំចូលដែលមានស្រាប់ នឹងត្រូវហាមឃាត់ក្នុងរយៈពេល៣ខែបន្ទាប់។

គួរបញ្ជាក់ថា វាគឺជាលើកដំបូងបំផុតហើយ ដែលប្រទេសជប៉ុន បានដាក់បម្រាមនាំចូលបែបនេះ ជាផ្នែកនៃទណ្ឌកម្មរបស់ខ្លួន ដើម្បីប្រឆាំងនឹងរុស្ស៉ី សម្រាប់ការវាយប្រហាររបស់ទីក្រុងមូស្គូទៅលើអ៊ុយក្រែន៕