(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) បានលើកឡើងថា សកម្មភាពយោធារបស់រុស្ស៉ីនៅក្នុងប្រទេសអ៊ុយក្រែន គឺដើម្បីបិទបញ្ចប់សណ្តាប់ធ្នាប់ពិភពលោក ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២។

លោកប្រមុខការទូតរុស្ស៉ី បានធ្វើការអធិប្បាយដូចខាងលើ កំលុងបទសម្ភាសន៍មួយ ដែលចេញផ្សាយដោយស្ថានីយទូរទស្សន៍ព័ត៌មានរុស្ស៉ី រ៉ូស្ស៉ីយ៉ា ២៤ (Rossiya 24) កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ លោក Lavrov បានថ្លែងដូច្នេះថា «ប្រតិបត្តិការយោធាពិសេសរបស់យើង គឺដើម្បីបញ្ចប់ការវាតទីរបស់អង្គការ NATO ក៏ដូចជាមហិច្ឆតាចង់គ្រប់គ្រងពិភពលោកទាំងមូល របស់សហរដ្ឋអាមេរិក»

លោក Lavrov បានបន្តថា ទីក្រុងវ៉ាស៉ីនតោនបាននិងកំពុងបន្ត អនុវត្តនូវសណ្តាប់ពិភពលោកដែលបម្រើតែផលប្រយោជន៍របស់ខ្លួន ហើយបំពានច្បាប់អន្តរជាតិដោយឥតកោតក្រែង។ បើតាមលោក Lavrov រុស្ស៉ីស្ថិតក្នុងចំណោមប្រទេស ដែលនឹងមិនចុះញ៉មចំពោះឆន្ទៈរបស់អាមេរិកជាដាច់ខាត ហើយនឹងមិនអនុញ្ញាតឱ្យក្រុមលោកខាងលិច ពង្រើយកន្តើយចំពោះក្តីបារម្ភស្របច្បាប់របស់ខ្លួន ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខនោះឡើយ។

គួរបញ្ជាក់ថា លោករដ្ឋមន្រ្តីការបរទេសរុស្ស៉ី ក៏បានរិះគន់ប្រមុខគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប គឺលោក ចូសេប បូរែល (Josep Borrell) ផងដែរ ដែលបានបង្ហាញចេតនាគាំទ្រឱ្យ ការប្រយុទ្ធគ្នានៅតែបន្តក្នុងប្រទេសអ៊ុយក្រែន ហើយបានប្រកាសផ្តល់ជំនួយយោធា កាន់តែច្រើនថែមទៀត ដល់ទីក្រុងកៀវកាលពីចុងសប្តាហ៍កន្លងទៅ៕