(វ៉ាស៊ីតោន)៖ ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការពារជាតិឥណ្ឌា លោក រ៉ាច់ណាត ស៉ីង (Rajnath Singh) នៅថ្ងៃចន្ទដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានអំពាវនាវឲ្យមានទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ និងបានលើកឡើងពីការគំរាមកំហែងផ្នែកសន្តិសុខ ដែលអាចបង្កឡើងដោយចិន និងរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២។

ថ្លែងនាឱកាសនោះ លោក Austin បានគូសបញ្ជាក់ដូច្នេះថា «ទីក្រុងវ៉ាស៊ីនតោន និងញូវដេលី ជឿជាក់លើការបើកចំហ និងសេរីភាពនៃ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យភាពជាតិ និងនីតិរដ្ឋ។ ប៉ុន្តែ បច្ចុប្បន្ន យើងបាននិងកំពុងប្រឈមមុខចំពោះបញ្ហា ប្រឈមជាច្រើន»។ លោកបន្ថែមថា ទីក្រុងប៉េកាំង កំពុងបង្កបំផ្លាញដល់សន្តិសុខក្នុងតំបន់ តាមរៈការកសាងហេដ្ឋារចនាសម្ព័ន្ធព្រមៗគ្នា នៅតាម ព្រំដែនរបស់ខ្លួនជាប់ជាមួយឥណ្ឌា និងការទាមទារអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូង។ ដូច្នេះសហរដ្ឋអាមេរិកនឹងឈរនៅជាមួយឥណ្ឌា ក្នុងការការពារអធិបតេយ្យរបស់ខ្លួន។

គួរបញ្ជាក់ថា ជំនួបរវាងមន្រ្តីជាន់ខ្ពស់ការពារជាតិនៃប្រទេសទាំងពីរ បានធ្វើឡើងក្រោមក្រមខណ្ឌ «២+២» បន្ទាប់ពីមានជំនួបរវាងរដ្ឋមន្រ្តីការបរទេស អាមេរិក និងឥណ្ឌាដែលបានពិភាក្សាគ្នាផ្តោតលើសារៈសំខាន់នៃទំនាក់ទំនងទេ្វរភាគី ចំពេលមានភាពតានតឹងលើបញ្ហាអន្តរជាតិ៕