(សៀងហៃ)៖ សហរដ្ឋអាមេរិក បានបញ្ជាឱ្យបុគ្គលិកស្ថានកុងស៊ុលរបស់ខ្លួនប្រចាំទីក្រុងសៀងហៃ ដែលគ្មានភារកិច្ចចាំបាច់ចាកចេញជាបន្ទាន់ ខណៈ ទីក្រុងរបស់ប្រទេសចិនមួយនេះកំពុងប្រឈមមុខនឹងការរីករាលដាលនៃជំងឺ COVID-19 និងការបិទខ្ទប់។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃអង្គារនេះ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំទីក្រុងប៉េកាំង បានគូសបញ្ជាក់ដូច្នេះថា «ដោយលើកឡើង អំពីការព្រួយបារម្ភផ្នែកសុវត្ថិភាព និងសុខមាលភាពមន្រ្តីទូតរបស់ខ្លួន ក្រសួងការបរទេសអាមេរិកបានបញ្ជាឱ្យពួកគេត្រូវតែចាកចេញពី ទីក្រុងសៀងហៃ»

គួរបញ្ជាក់ថា ទីក្រុងសៀងហៃ កំពុងស្ថិតក្រោមវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹង ដោយប្រជាជនជាច្រើនត្រូវធ្វើចត្តាឡីស័ក។ បើតាមរបាយការណ៍ នៅថ្ងៃអង្គារនេះដែរ អាជ្ញាធរបានរកឃើញករណីឆ្លងថ្មីច្រើនជាង ២៣,០០០នាក់៕