(ប៉េកាំង)៖ ខណៈពេលដែលវិបត្តិអ៊ុយក្រែន ត្រូវស្វែងរកដំណោះស្រាយដោយសន្តិវិធីជាបន្ទាន់ សហរដ្ឋអាមេរិកមិនត្រឹមតែមិនបានគិតពិចារណា ពីការជំរុញឱ្យធ្វើការចរចាសន្តិភាពប៉ុណ្ណោះទេ ថែមទាំងក៏បានអនុវត្តការដាក់ទណ្ឌកម្មជាញឹកញាប់ ដែលបណ្តាលឱ្យវិបត្តិអ៊ុយក្រែន កាន់តែមានភាពតានតឹងបន្ថែមទៀត ប្រៀបដូចជាយកសាំងមកចាក់លើភ្លើង។

នាពេលថ្មីៗកន្លងទៅនេះ មន្ត្រីជាន់ខ្ពស់មួយចំនួននៃទីក្រុងវ៉ាស៊ីនតោន បានបញ្ចេញការគំរាមកំហែងយ៉ាងមមាញឹក ទៅកាន់ប្រទេសនានា ក្នុងក៏នោះបូករួមទាំងប្រទេសចិននិងឥណ្ឌាផងដែរ។ កាលពីថ្ងៃទី៦ ខែមេសា លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រកាសយ៉ាងក្រអឺតក្រទមថា ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី គួរតែឱ្យប្រទេសចិន «យល់ដឹងឱ្យបានច្បាស់» ថា ប្រសិនបើចិនផ្តល់ជំនួយជាសម្ភារៈដល់ទីក្រុងម៉ូស្គូ ប្រហែលនឹងបង្កជា «ផលវិបាក»។ នាថ្ងៃដដែលនោះ លោក Brian Deese ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចជាតិរបស់សេតវិមាន បានបង្ហើបឱ្យដឹងថា អាមេរិកបានប្រាប់ឥណ្ឌាហើយថា ផលវិបាកនិងផលប៉ះពាល់នៃការបង្កើតជា «បក្សសម័្ពន្ធយុទ្ធសាស្ត្រកាន់តែច្បាស់លាស់» ជាមួយទីក្រុងម៉ូស្គូ នឹងមានភាពធ្ងន់ធ្ងរនិងរយៈពេលយូរ។

ពាក្យសម្តីទាំងនេះគឺជាការគំរាមកំហែង និងអនុត្តរភាពសុទ្ធសាធ ដែលបានលាតត្រដាងនូវគំនិតសង្គ្រាមត្រជាក់ និងទស្សនផលបូកសូន្យរបស់រដ្ឋាភិបាលអាមេរិក ដែលបានចាក់ឬសយ៉ាងមាំ ក្នុងផ្នត់គំនិតរបស់ខ្លួន ជាយូរណាស់មកហើយ។

ចាប់ពីរុស្ស៊ីនិងអ៊ុយក្រែនបានផ្ទុះអាវុធមក ប្រទេសលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិក បានរួមគ្នាអនុវត្តការដាក់ទណ្ឌកម្មជាច្រើនលើកទៅលើរុស្ស៊ី។ មធ្យោបាយដាក់ទណ្ឌកម្មមានដូចជា ការវាយប្រហារផ្នែកហិរញ្ញវត្ថុ ការហាមឃាត់មិនឱ្យធ្វើពាណិជ្ជកម្មខាងបច្ចេកវិទ្យាខ្ពស់ ការដាក់កំហិតលើពាណិជ្ជកម្មថាមពល ក៏ដូចជាដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច ដែលសំដៅចំពោះបុគ្គល និងការដាក់កំហិតទៅលើការធ្វើទេសចរណ៍ជាដើម។ យ៉ាងណាមិញ បើមើលពីប្រសិទ្ធភាពដែលទទួលបានរួចជាស្រេច អាចឃើញថា ទង្វើបែបនេះមិនត្រឹមតែគ្មានអំណោយផល ដល់ការដោះស្រាយការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន តាមវិធីនយោបាយប៉ុណ្ណោះទេ ផ្ទុយទៅវិញ ថែមទាំងក៏ធ្វើឱ្យទំនាស់មានភាពកាន់តែស្រួចស្រាវ និងបង្កើនភាពបដិបក្ខគ្នាជាបន្តបន្ទាប់ផងដែរ។ តាមរយៈប្រការទាំងនេះ ក៏ធ្វើឱ្យសហគមន៍អន្តរជាតិអាចឃើញច្បាស់ម្តងទៀតថា មធ្យោបាយការទូតបែបគំរាមកំហែងដែលអាមេរិកតែងតែប្រើប្រាស់ គឺ មានតែផលប៉ះពាល់គ្មានផលប្រយោជន៍អ្វី ចំពោះសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោកនោះឡើយ។

«ទីក្រុងវ៉ាស៊ីនតោនដែលងប់ងល់នឹងការដាក់ទណ្ឌកម្ម ដូចកូនក្មេងអាយុ ៥ ឆ្នាំកំពុងញៀននឹងស្ករគ្រាប់អញ្ចឹង»។ សំដៅចំពោះទង្វើរបស់រដ្ឋាភិបាលអាមេរិក ដែលប្រើប្រាស់មធ្យោបាយដាក់ទណ្ឌកម្ម ទៅដាក់សម្ពាធទៅលើប្រទេសដទៃទៀត តាមទំនើងចិត្ត ទស្សនាវដី្ត «Newsweek» របស់អាមេរិកបានវាយតម្លៃដូចពោលខាងលើនេះ។ បើរំលឹកឡើងវិញពីប្រវត្តិសាស្ត្រ អាចឃើញថា «ការទូតបែបគំរាមកំហែង» គឺជាកម្មសិទ្ធិផ្តាច់មុខរបស់សហរដ្ឋអាមេរិក។ គន្លឹះនៃគំនិតនេះ គឺ ឈរលើមូលដ្ឋាននៃការបង្កការគំរាមកំហែងដោយកម្លាំងបាយ ដាក់ឱ្យឯកោផ្នែកនយោបាយ ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងបំបិទផ្លូវផ្នែកបច្ចេកវិទ្យាជាដើម ដើម្បីបង្ខំឱ្យប្រទេសដទៃអនុវត្តតាមតម្រូវការរបស់អាមេរិក ក្នុងន័យសម្រេចបាននូវ គោលដៅយុទ្ធសាស្ត្ររបស់អាមេរិក និងគាំពារអនុត្តរភាពបែបអាមេរិក។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក សហរដ្ឋអាមេរិកបានផ្តល់គំរូដ៏ល្បីឈ្មោះស្តីពី «ការទូតបែបគំរាមកំហែង» ដល់ពិភពលោក តាមរយៈសកម្មភាពពីមួយលើកទៅមួយលើក។

នៅប្រទេសមួយចំនួន ដូចជា អ៊ីរ៉ង់ វ៉េណេស៊ុយអេឡា និងគុយបាជាដើម សហរដ្ឋអាមេរិកមិនអើពើនឹងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែបានបន្ថែមការដាក់ទណ្ឌកម្ម ដែលបានបង្កការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ ចំណែកសម្រាប់ប្រទេសចិនវិញ សហរដ្ឋអាមេរិកបានលើកទង់ «សិទ្ធិមនុស្ស» និង «ប្រជាធិបតេយ្យ» ជាដើម ដើម្បីខំប្រឹងប្រែងអស់ពីលទ្ធភាពមកជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ចិនយ៉ាងកម្រោល បង្កឱ្យមាន «សង្រ្គាមពាណិជ្ជកម្ម» ដើម្បីដាក់សម្ពាធទៅលើសហគ្រាសចិនតាមទំនើងចិត្ត ហើយឃោសនាបំប៉ោងយ៉ាងគឃ្លើន ពីអ្វីដែលហៅថា «ការគំរាមកំហែងរបស់ប្រទេសចិន» ក៏ដូចជាអូសទាញសម្ព័ន្ធមិត្តឱ្យបង្កើតជា «បក្ខពួកប្រឆាំងចិន» និងធ្វើឱ្យប្រវត្តិសាស្ត្រដើរថយក្រោយ។ ជាងនេះទៅទៀត សូម្បីតែអ្វីដែលហៅថា «សម្ព័ន្ធមិត្តដែលមានជោគវាសនាតែមួយ និងមានគោលបំណងដូចគ្នា» អាមេរិកក៏មិនលើកលែងដែរ។ ពី «ការញុះញង់» ដល់ការដាក់សម្ពាធយ៉ាងកម្រោល អាមេរិកបង្ខំឱ្យសម្ព័ន្ធមិត្តសម្របសម្រួលគោលជំហររបស់ខ្លួន និងបម្រើផលប្រយោជន៍របស់ភាគីអាមេរិក រដ្ឋាភិបាលអាមេរិកបានប្រើប្រាស់កលល្បិចគ្រប់បែបយ៉ាង។ គួររំលឹកថា សហគ្រាសអឺរ៉ុបជាច្រើន ដូចជា ក្រុមហ៊ុន ALSTOM របស់បារាំង ក្រុមហ៊ុន ERICSSON របស់ស៊ុយអែតនិងក្រុមហ៊ុន SIEMENS របស់អាល្លឺម៉ង់ជាដើម សុទ្ធតែមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីការរងការការគំរាមកំហែង និងអនុត្តរភាពរបស់អាមេរិក។

មិនថា ការបង្កការគំរាមកំហែងដោយកម្លាំងបាយ និងដាក់ឱ្យឯកោផ្នែកនយោបាយក្តី ឬក៏ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងបំបិទផ្លូវផ្នែកបច្ចេកវិទ្យាក៏ដោយ មធ្យោបាយការទូតបែបគំរាមកំហែងគ្រប់បែបយ៉ាងរបស់អាមេរិក ទាំងនេះគ្មានក្រមសីលធម៌អ្វីបន្តិចសោះ។ រឿងខុសទំនងជាងនេះទៅទៀត គឺ នាពេលថ្មីៗកន្លងទៅនេះ អ្នកនយោបាយអាមេរិកដែលតែងតែប្រើប្រាស់មធ្យោបាយដ៏ថោកទាប ចំពោះពិភពលោកទាំងមូល ដូចជា បំភិតបំភ័យនិងអូសទាញដោយគុណប្រយោជន៍ជាដើម បែរជាបានមួលបង្កាច់ប្រទេសចិនថា អនុវត្តការទូតបែបគំរាមកំហែង ប៉ុនប៉ងអុជអាលបំបែកបំបាក់ទំនាក់ទំនងរវាងចិននិងសហគមន៍អន្តរជាតិ ក៏ដូចជាបង្ខំប្រទេសដទៃឱ្យឈរនៅម្ខាងជាមួយអ្នកណាដែរ ។ យ៉ាងណាមិញ បញ្ហាអ៊ុយក្រែនបានបង្ហាញឱ្យឃើញថា តាមពិតទៅ ប្រទេសដែលអនុវត្តការទូតបែបគំរាមកំហែង ចំពោះប្រទេសដទៃជាប់រហូត គឺសហរដ្ឋអាមេរិកហ្នឹងឯង ក្នុងគោលបំណងព្យាយាមអូសទាញប្រទេសនីមួយៗ ដែលមិនមែនជាសាមីភាគីឱ្យធ្លាក់ចូលក្នុងសភាពគ្រោះថ្នាក់ រីកឯប្រទេសខ្លួនវិញក៏អាចបង្វែរទំនាស់ក្នុងស្រុក និងរង់ចាំទទួលផលប្រយោជន៍។

តើនរណាបាននិងកំពុងគំរាមកំហែងដល់ពិភពលោកទាំងមូល? តើអ្នកណាជាអ្នកបំផ្លាញសន្តិភាពនិងស្ថិរភាពជាសកល? សហគមន៍អន្តរជាតិបានមើលឃើញយ៉ាងច្បាស់ រួចជាស្រេចហើយ។

«ការទូតបែបគំរាមកំហែង» មិនត្រឹមតែប្រកបដោយលក្ខណៈយកគុណធម៌ ធ្វើជាចំណាប់ខ្មាំងនិងបំភិតបំភ័យយ៉ាងខ្លាំងក្លាប៉ុណ្ណោះទេ ថែមទាំងក៏ពោរពេញទៅដោយ ការគិតតែពីផលប្រយោជន៍ផងដែរ។ នាពេលថ្មីៗកន្លងទៅនេះ លោក Mikhail Popov លេខាធិការរងនៃកិច្ចប្រជុំសន្តិសុខសហព័ន្ធរុស្ស៊ី បានថ្លែងថា ខណៈពេលដែលអាមេរិកមួយផ្នែក បង្ខំប្រទេសអឺរ៉ុបឱ្យអនុវត្តការដាក់ទណ្ឌកម្មលើរុស្ស៊ី មួយផ្នែកទៀតបែរជាបានបន្តនាំចូលប្រេងឆៅពីរុស្ស៊ី។ គួរបញ្ជាក់ថា ក្នុងសប្តាហ៍មុន ការនាំចូលបានកើនឡើង ៤៣ភាគរយ បើប្រៀបធៀបនឹងខែមីនា ឆ្នាំមុន ដែលដល់ទៅ ១សែនបារ៉ែលក្នុងមួយថ្ងៃ ហេតុនេះហើយ សហគ្រាសអាមេរិកក៏ត្រូវបានអនុញ្ញាតឱ្យនាំចូលជីរ៉ែពីរុស្ស៊ីផងដែរ។

និយាយចំពោះសហរដ្ឋអាមេរិក សង្គ្រាមនិងការដាក់ទណ្ឌកម្មនាំឱ្យខ្លួនអាចឆក់យកផលប្រយោជន៍បានពីភាពចលាចល។ មូលហេតុពីឬសគល់ដែលអាមេរិកធ្វើដូចនេះ គឺដោយមកពីធាតុពិតរបស់ខ្លួនដែលជា «ក្រុមឧស្សាហកម្មយោធា»។ នេះជាកិច្ចសហប្រតិបតិ្តការយ៉ាងជិតស្និទ្ធមួយរវាងកងទ័ព ឧស្សាហកម្ម រដ្ឋាភិបាលនិងរដ្ឋសភាជាដើម ព្រមទាំងបានឃុបឃិតគ្នាជាមួយក្រុមផលប្រយោជន៍ផ្ទាល់ខ្លួន ដូចជាធនាគារគំនិតនិងប្រព័ន្ធសារព័ត៌មានជាដើម ក្រុមនេះបានបង្ក «សត្រូវ» នៅទូទាំងពិភពលោកជាបន្តបន្ទាប់ ក្នុងន័យញុះញង់ឱ្យមានការប៉ះទង្គិចនៅប្រទេសដទៃ ដើម្បីឆក់យកផលកម្រៃពីសង្គ្រាម រីឯការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនក៏ជាសត្វដែលត្រូវប្រមាញ់ថ្មីរបស់ «ខ្មោចជញ្ជក់ឈាម» ទាំងនេះ។

អ្នកណាដែលធ្វើតាមបង្គាប់ខ្ញុំអាចចម្រើនឡើង ឯអ្នកណាដែលប្រឆាំងខ្ញុំមានតែវិនាស។ បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរមក ប្រធានាធិបតីអាមេរិកស្ទើរតែគ្រប់អាណត្តិសុទ្ធតែបានបំផុស «សង្គ្រាមរបស់ខ្លួន» សង្គ្រាមទាំងនេះធ្វើឱ្យប្រទេស រងការឈ្លានពានមានភាពខ្ទេចខ្ទាំ ជនស៊ីវិលរាប់លាននាក់ស្លាប់បាត់បង់ជីវិត មនុស្សរាប់សិបលាននាក់បាត់បង់ទីជម្រក។ សង្គ្រាមនៅវៀតណាម សង្គ្រាមនៅឈូងសមុទ្រ សង្គ្រាមនៅអាហ្វហ្កានីស្ថាន សង្គ្រាមនៅអ៊ីរ៉ាក់និងសង្គ្រាមនៅស៊ីរីជាដើម បើរៀបរាប់ពីសង្គ្រាមដែលអាមេរិកបានបំផុសឡើង នៅបរទេសបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ នោះ អាចនិយាយបានថា ការញៀនធ្វើសង្គ្រាមជាទំនៀមទម្លាប់របស់ក្រុងវ៉ាស៊ីនតោនទៅហើយ។ សង្គ្រាមទាំងនេះមិនគ្រាន់តែបណ្តាលឱ្យ ពិភពលោកមានភាពច្របូកច្របល់ប៉ុណ្ណោះទេ ថែមទាំងក៏បណ្តាលឱ្យអាមេរិកពោរពេញទៅដោយប្រជានិយម និងមានការបដិបក្ខគ្នាខាងនយោបាយកាន់តែធ្ងន់ធ្ងរក្នុងស្រុក។

គួរបញ្ជាក់ដែរថា ស្របពេលដែល «ការទូតបែបគំរាមកំហែង» របស់អាមេរិកបានបណ្តាលឱ្យមានអ្នករងគ្រោះយ៉ាងច្រើនសន្ធឹក វាក៏បានបំផ្លិចបំផ្លាញកេរ្តិ៍ឈ្មោះជាតិរបស់អាមេរិកផងដែរ។ តាមទិន្នន័យស្ថិតបានបង្ហាញឱ្យឃើញថា បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី២ ចំនួនអ្នកស្លាប់ដោយសារភាពមិនប្រក្រតីរបស់ប្រជាពលរដ្ឋបរទេស ដែលបណ្តាលមកពីការដាក់ទណ្ឌកម្មពីអាមេរិក បានលើសពីចំនួនអ្នកស្លាប់សរុបដោយសារសង្គ្រាមទាំងអស់ ក្នុងដំណាក់កាលដូចគ្នា ។ បច្ចុប្បន្ននេះ ប្រទេសកាន់តែច្រើនឡើងៗ មិនព្រមត្រូវបានបង្ខំឱ្យឈរនៅម្ខាងជាមួយអាមេរិកនោះទេ។ ដូច្នេះ អ្នកផងទាំងពួងបានមើលឃើញថា ប្រឈមនឹងការគំរាមកំហែងពីអាមេរិក លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌាបានលើកឡើងថា ឥណ្ឌានឹងគាំពារយ៉ាងមុតមាំនូវផលប្រយោជន៍របស់ខ្លួន «ដោយគ្មានការភ័យខ្លាចឬសម្ពាធណានោះឡើយ» ក្នុងនោះ បូករួមទាំងសិង្ហបុរីដែលជា «ប្រទេសមានមេត្រីភាព» ជាមួយអាមេរិកក៏បានបង្ហាញយ៉ាងច្បាស់លាស់ នូវគោលជំហររបស់ខ្លួនស្តីពីការមិនព្រមឈរនៅម្ខាង ជាមួយអាមេរិកផងដែរ។ ប្រការទាំងនេះសុទ្ធតែជាការបដិវេគនិងការប្រឆាំងចំពោះ «ការទូតបែបគំរាមកំហែង» របស់អាមេរិក។

ប្រទេសមានអធិបតេយ្យភាពមិនថាតូចឬធំ ខ្លាំងឬខ្សោយ ក្រឬមានក៏ដោយ ក៏គ្មានប្រទេសណាមួយមានឆន្ទះ អាចទទួលយកការគំរាមកំហែងនោះឡើយ។ សហរដ្ឋអាមេរិកជាបាតដៃខ្មោនៅពីក្រោយ នៃភាពច្របូកច្របល់នៅលើពិភពលោក តើពេលណាទើបអាមេរិកបញ្ឈប់ការបង្ករឿងហេតុ? ឥស្សរជនស្រឡាញ់សនិ្តភាពទាំងអស់នៅលើពិភពលោក សុទ្ធតែបាននិងកំពុងចោទសួរពីរឿងនេះ!