(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ អង្គការណាតូបានបើកធ្វើកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នៅទីស្នាក់ការទូទៅរបស់អង្គការណាតូ នៅទីក្រុងប្រ៊ុចសែលនៃប្រទេសបែលហ្ស៊ិក ហើយបានអញ្ជើញរដ្ឋមន្ត្រីការបរទេស មកពីប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ៤ ក្នុងនោះបូករួមទាំង ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែលហ្សេឡង់ ។ ពួកគេបាន «ចំណាយពេលវេលាដ៏ច្រើនសន្ធឹកសន្ធាប់» សម្រាប់និយាយអំពីប្រទេសចិន ដោយបានចោទប្រកាន់ដោយគ្មានហេតុផល ចំពោះគោលជំហររបស់ចិនក្នុងបញ្ហាអ៊ុយក្រែន។ លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ បានអះអាងថា នៅពេលតាក់តែង «ទស្សនទានយុទ្ធសាស្ត្រថ្មី» របស់អង្គការនេះ គួរតែគិតពិចារណាជាលើកដំបូងពីការសំដៅចំពោះប្រទេសចិន។

ភ្លើងសង្គ្រាមដែលបណ្តាលមកពីការវាតទី ទៅខាងកើតរបស់អង្គការណាតូ ដំណើរការនៅអ៊ុយក្រែន ហេតុនេះហើយ «ម៉ាស៊ីនបំផុសសង្គ្រាមត្រជាក់» នេះក៏បានប្រញាប់ប្រញាល់ លូកបាតដៃខ្មៅទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកទៀត។ ប្រការនេះបានលាតត្រដាងយ៉ាងច្បាស់ នូវធាតុពិតរបស់អង្គការណាតូ ដែលសុខចិត្តធ្វើជាឧបករណ៍អនុត្តរភាពរបស់អាមេរិក និងចំណង់នៃការប្រព្រឹតិ្តទង្វើអាក្រក់តទៅទៀត។ យ៉ាងណាមិញ មិនថាការខ្វែងគំនិតនៅផ្ទៃក្នុងដ៏ធ្ងន់ធ្ងររបស់ពួកគេ ឬក៏ទង្វើដែលផ្ទុយនឹងនិន្នាការយុគសម័យក៏ដោយ ក៏សុទ្ធតែបានចារទុកថា អង្គការយោធាដែលត្រូវប្រវត្តិសាស្ត្រលះបង់ចោលនេះ មុខជានឹងត្រូវបរាជ័យជាក់ជាមិនខាន។

ដូចការវិភាគជាច្រើនដែលបានលើកឡើងថា ក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូ បានពិគ្រោះពិភាក្សាអំពីបញ្ហាអ៊ុយក្រែន ពួកគេបានវាយប្រហារប្រទេសចិនដោយគ្មានហេតុផល គឺ ក្នុងគោលបំណងបង្វែរទំនាស់ទៅខាងក្រៅ បង្កភាពបដិបក្ខគ្នានិងឆក់យកផលប្រយោជន៍។ ក្នុងនាមជាអ្នកបង្កនិងជាអ្នកញាក់ខ្សែពីក្រោយដ៏ធំបំផុតនៃវិបត្តិអ៊ុយក្រែន អង្គការណាតូដែលដឹកនាំដោយ សហរដ្ឋអាមេរិកបានធ្វើការវាតទីទៅខាងកើតចំនួន ៥លើក ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកដោយបានដាក់សម្ពាធខាងសន្តិសុខយ៉ាងខ្លាំងដល់រុស្ស៊ី ហើយនៅទីបំផុតបានបណ្តាលឱ្យផ្ទុះ ការប៉ះទង្គិចយោធារវាងរុស្ស៊ីនិងអ៊ុយក្រែន។ បន្ទាប់មក អង្គការណាតូនៅតែបន្តញុះញង់ពីក្រោយទៀត ហើយបានផ្តល់ជំនួយយោធាចំពោះអ៊ុយក្រែនជាញឹកញាប់។

សូមបញ្ជាក់ថា សង្គ្រាមត្រជាក់បានបញ្ចប់យូរហើយ តំបន់អាស៊ីប៉ាស៊ីហ្វិកមិនស្វាគមន៍ «ម៉ាស៊ីនបំផុសសង្គ្រាមត្រជាក់» ទាល់តែសោះ។ ចាប់ពីអាស៊ានបដិសេធមិនចង់ឈរនៅម្ខាងជាមួយអាមេរិក ដែលបណ្តាលឱ្យកិច្ចប្រជុំកំពូលរវាងអាមេរិក និងអាស៊ានដែលកំណត់នៅចុងខែមីនា ឆ្នាំនេះត្រូវបាន «ពន្យារពេលដោយគ្មានកាលកំណត់» រហូតដល់ប្រទេសអាស៊ីប៉ាស៊ីហ្វិកភាគច្រើន ដែលមានឥណ្ឌានិងអាស៊ានជាតំណាងរក្សាសុជីវធម៌ និងឯករាជ្យភាពក្នុងវិបត្តិអ៊ុយក្រែន ប្រការទាំងនេះបានបង្ហាញយ៉ាងពេញលេញថា ប្រទេសអាស៊ីប៉ាស៊ីហ្វិកយល់ឃើញថា សន្តិភាពក្នុងតំបន់គឺ បានមកដោយមិនងាយទេ ហើយចាំបាច់ត្រូវថែរក្សានិងឱ្យតម្លៃទ្វេដង។

គួរបញ្ជាក់ដែរថា ក្នុងនាមជាបច្ច័យនៃសង្រ្គាមត្រជាក់ អង្គការណាតូគួរតែរំសាយ ហើយវាក៏គ្មានលក្ខណសម្បត្តិអីមកឆ្ការដៃឆ្ការជើង ចំពោះប្រទេសដទៃ រហូតដល់គំរាមកំហែងដល់ប្រទេសដទៃ ឱ្យឈរនៅម្ខាងជាមួយអាមេរិក។ ក្នុងនាមជាតំបន់មួយដែលមានកម្លាំងរស់រវើក និងសក្តានុពលអភិវឌ្ឍន៍ខ្លាំងបំផុតនៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ តំបន់អាស៊ីប៉ាស៊ីហ្វិកមិនមែនជាកូនអុក សម្រាប់ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយនោះទេ ហើយមិនអនុញ្ញាតឱ្យប្រទេសធំនៅក្រៅតំបន់ បង្កការបដិបក្ខគ្នាជាក្រុមនៅក្នុងតំបន់ខ្លួនជាដាច់ខាត។ ការដែលអង្គការណាតូ អូសទាញប្រទេសអាស៊ីប៉ាស៊ីហ្វិកមួយចំនួន មកបង្ករឿងហេតុនិងមួលបង្កាច់ គ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ។ ពិភពលោកមិនត្រូវការសង្គ្រាមត្រជាក់ថ្មីទេ ហើយអង្គការណាតូដែលចង់ស្វែងរក សត្រូវស្រមើស្រមៃច្រើនយ៉ាងណាកពិបាកនឹងត្រឡប់មកវិញដែរ!

☼លោកអ្នកក៏អាចតាមដានព័ត៌មានថ្មីៗនៃ CCFR តាមរយៈ link ខាងក្រោម៖
website៖ http://cambodian.cri.cn/
Apple Store៖ https://apps.apple.com/cn/app/ccfr/id1221735749
Huawei Store៖ https://sourl.cn/ZxaH5a