(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា រុស្ស៉ីអាចប្រើប្រាស់ អាវុធគីមី ក្នុងប្រទេសអ៊ុយក្រែន និងបានអំពាវនាវឲ្យប្រទេសលោកខាងលិច ដាក់ទណ្ឌកម្មយ៉ាងខ្លាំងបន្ថែមទៀត លើទីក្រុងមូស្គូដែលអាចរារាំង ការប្រើអាវុធប្រភេទនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២។

តាមរយៈសារជាវីដេអូ លោក ហ្សេលេនស្គី បានថ្លែងដូច្នេះថា «ខ្ញុំចង់រំឮកមេដឹកនាំពិភពលោកថា លទ្ធភាពនៃការប្រើប្រាស់អាវុធគីមីពីសំណាក់ កងកម្លាំងរុស្ស៊ី គឺត្រូវបានពិភាក្សារួចហើយ។ នៅពេលនេះវាមានភាពចាំបាច់ក្នុងការបញ្ចេញប្រតិកម្មឲ្យបានខ្លាំងក្លា និងលឿនជាងមុនប្រឆាំងនឹង ការឈ្លានពានរបស់រុស្ស៉ី»

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក ហ្សេលេនស្គី កើតមានឡើង បន្ទាប់ពីមានសេចក្ដីរាយការណ៍មិនផ្លូវការមួយបានអះអាងថាអាវុធគីមី ត្រូវបានប្រើ នៅក្នុងការវាយប្រហារលើភាគខាងត្បូងនៃទីក្រុងកំពុងផែ ម៉ារីយូប៉ូល (Mariupol) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈអ្នកនាំពាក្យនៃ មន្ទីរបញ្ចកោណ លោក ចន ឃឺប៊ី (John Kirby) បាននិយាយថាសហរដ្ឋអាមេរិកបានដឹងអំពីរបាយការណ៍នេះដែរ៕