(សេអ៊ូល)៖ មន្ត្រីអាមេរិកម្នាក់ បានឱ្យដឹងនៅថ្ងៃអង្គារនេះថា កងកម្លាំងនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក អាប្រាហាំ លីនខុន (Abraham Lincoln) កំពុងធ្វើប្រតិបត្តិការនៅក្នុងតំបន់ដែនទឹកនៃឧបទ្វីបកូរ៉េ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងរាយការណ៍ថាកងនាវាចម្បាំងនេះត្រូវបាន ដាក់ពង្រាយ ចំពេលមានការបារម្ភកូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២។

បើតាមមន្ត្រីអាមេរិកខាងលើដដែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ, កងកម្លាំងនាវាផ្ទុកយន្ដហោះចម្បាំង Abraham Lincoln កំពុងស្ថិតនៅតំបន់ សមុទ្រជប៉ុន ឬសមុទ្រខាងកើត ដើម្បីចូលរួមធ្វើសមយុទ្ធយោធាជាមួយកងកម្លាំងជប៉ុន ជាការបង្ហាញពីការប្ដេជ្ញាចិត្តចំពោះសម្ព័ន្ធមិត្ត និងប្រទេស ជាដៃគូនៅក្នុងតំបន់។ ប៉ុន្តែគួរឱ្យកត់សម្គាល់ ការលើកឡើងរបស់មន្ត្រីអាមេរិករូបនេះ ធ្វើឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងថាកូរ៉េខាងជើង អាចនឹងដឹកនាំការធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ ក្នុងពេលឆាប់ៗនេះ ឬអាចនៅក្នុងខែមេសានេះតែម្ដង។

គួរបញ្ជាក់ថា នេះគឺជាលើកទីមួយហើយចាប់តាំងពីឆ្នាំ២០១៧មក ដែលសហរដ្ឋអាមេរិកដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំងមកកាន់តំបន់ដែនទឹក រវាងកូរ៉េខាងត្បូង និងជប៉ុន ដោយកាលពីឆ្នាំដដែលនេះដែរ នាវាផ្ទុកយន្ដហោះចម្បាំង យូអេសអេស រ៉ូណាល់ រីហ្កិន (USS Ronald Reagan), ថេអូដ័រ រូសស្វែល (Theodore Roosevelt) និងនីមីត (Nimitz) ត្រូវបានដាក់ពង្រាយមកកាន់តំបន់នេះ ដើម្បីបង្ហាញសាច់ដុំកំញើញកូរ៉េខាងជើង ដែលធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលជាបន្តបន្ទាប់នៅឆ្នាំនោះ៕