(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកជឿជាក់ថារុស្ស៉ី កំពុងពង្រឹង និងប្រមូលផ្ដុំកម្លាំងទ័ពរបស់ខ្លួនឡើងវិញ នៅក្នុងតំបន់ដុនបាស់ (Donbas) ស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន ជាទីដែលមន្ត្រីអ៊ុយក្រែននិយាយថាកងទ័ពរុស្ស៉ីត្រៀមបើកការវាយលុកជាថ្មីឆាប់ៗនេះ។ នេះបើតាម អ្នកនាំពាក្យមន្ទីរបញ្ចកោណ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២។

នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចន ឃឺប៊ី (John Kirby) ក៏បានឱ្យដឹងដែរថាក្បួនរថពាសដែករុស្ស៉ីត្រូវបានប្រទះឃើញកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង អ៉ីហ្ស៉ីយូម (Izyum) ដែលស្ថិតនៅចម្ងាយ ១៨០គីឡូម៉ែត្រពីខាងជើងទីក្រុង ដូណេត (Donetsk)។ តែភ្លាមៗ គេមិនទាន់ដឹងច្បាស់ថាតើមានរថពាសដែកគ្រឿង ឬកងទ័ពប៉ុន្មាននាក់ នៅក្នុងក្បួនខាងលើនោះទេ។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានថារុស្ស៉ីអាចនឹងបើកការវាយប្រហារលើទីក្រុងកៀវសាជាថ្មី ប្រសិនបើតំបន់ដុនបាស់ធ្លាក់ក្នុងចូលក្នុងដៃកងទ័ពរុស្ស៉ី។ «ប្រសិនបើកងកម្លាំងរបស់យើងនៅក្នុងតំបន់ដុនបាស់មិនអាចការពារទីតាំងរបស់ខ្លួន បានទេ នោះហានិភ័យនៃការវាយប្រហារជាថ្មីប្រឆាំងទីក្រុងកៀវ និងខេត្តកៀវ អូប្លាស់ (Kyiv Oblast) អាចនឹងកើតឡើង»។ នេះជាការបញ្ជាក់ របស់លោក ហ្សេលេនស្គី នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយសារព័ត៌មាន Al Jazeera កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។

កងទ័ពរុស្ស៉ីកាលពីពេលថ្មីៗនេះ បានសម្រេចចិត្តដកថយ បន្ទាប់ពីបរាជ័យវាយយកទីក្រុងកៀវ។ ប៉ុន្តែ មូស្គូបានអះអាងថាការដកថយនេះគឺ ដោយសារតែប្រតិបត្តិការយោធាដំណាក់កាលទី១របស់ខ្លួនទទួលបានជោគជ័យ ហើយត្រូវងាកទៅផ្ដោតលើការរំដោះតំបន់ដុនបាស់ ភាគខាងកើតអ៊ុយក្រែនទាំងស្រុងវិញ៕