(ម៉ានីល)៖ ព្យុះត្រូពិកមួយដែលបានបោកបក់កាលពីចុងសប្តាហ៍កន្លងទៅក្នុងប្រទេសហ្វីលីពីន បណ្តាលឲ្យមានមនុស្សយ៉ាងហោចណាស់ ២៤នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។

ទីភ្នាក់ងារកាត់បន្ថយហានិភ័យ និងគ្រប់គ្រងគ្រោះមហន្តរាយរបស់ហ្វីលីពីន បាននិយាយថា ព្យុះត្រូពិក មេហ្គី (Megi) ដែលបានបោកបក់មកដល់ ភាគកណ្តាលប្រទេសហ្វីលីពីន កាលពីព្រឹកថ្ងៃអាទិត្យ ក៏បានបង្កផលប៉ះពាល់ដល់មនុស្សជាង ១៣៦,០០០នាក់ នៅភាគកណ្តាល និងភាគខាងត្បូង នៃប្រទេសហ្វីលីពីនផងដែរ។ តំបន់ជាច្រើនបានរងគ្រោះ ដោយទឹកជំនន់ មុនពេលព្យុះ Megi មកដល់ទៅទៀត។

យោងតាមទីភ្នាក់ងារដដែល មនុស្សជាង១៣,០០០នាក់ កំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀសខ្លួន ខណៈដែលអ្នកខ្លះទៀត កំពុងស្នាក់នៅជាមួយសាច់ញាតិរបស់ពួកគេ។ ការិយាល័យឧតុនិយមជាតិហ្វីលីពីន បានឲ្យដឹងថា នៅថ្ងៃចន្ទនេះ ព្យុះត្រូពិក Megi បានថយចុះឥទ្ធិពលទៅត្រឹមជា ប្រព័ន្ធសម្ពាធដែលបោកបក់ក្នុងល្បឿនអតិបរមា ៤៥-៦០គីឡូម៉ែត្រ ក្នុង១ម៉ោង គិតត្រឹមម៉ោង១០ព្រឹកនេះ។

គួរបញ្ជាក់ថា ហ្វីលីពីនស្ថិតក្នុងចំណោមប្រទេស ដែលងាយរងគ្រោះដោយគ្រោះមហន្តរាយបំផុត រួមមានបន្ទុះភ្នំភ្លើង, គ្រោះរញ្ជួយដី, រួមជាមួយព្យុះទីហ្វុង ប្រមាណ២០លើកក្នុង១ឆ្នាំៗ ដែលបង្កជាទឹកជំនន់ និងការអិលបាក់ដី៕