(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានថារុស្ស៉ីអាចនឹងបើកការវាយប្រហារលើទីក្រុងកៀវសាជាថ្មី ប្រសិនបើ តំបន់ដុនបាស់ធ្លាក់ក្នុងចូលក្នុងដៃកងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។

នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយសារព័ត៌មាន Al Jazeera លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «ប្រសិនបើកងកម្លាំងរបស់យើងនៅក្នុង តំបន់ដុនបាស់មិនអាចការពារទីតាំងរបស់ខ្លួនបានទេ នោះហានិភ័យនៃការវាយប្រហារជាថ្មីប្រឆាំងទីក្រុងកៀវ និងខេត្តកៀវ អូប្លាស់ (Kyiv Oblast) អាចនឹងកើតឡើង»។

កងទ័ពរុស្ស៉ីកាលពីពេលថ្មីៗនេះ បានសម្រេចចិត្តដកថយ បន្ទាប់ពីបរាជ័យវាយយកទីក្រុងកៀវ។ ប៉ុន្តែ មូស្គូបានអះអាងថាការដកថយនេះគឺ ដោយសារតែប្រតិបត្តិការយោធាដំណាក់កាលទី១របស់ខ្លួនទទួលបានជោគជ័យ ហើយត្រូវងាកទៅផ្ដោតលើការរំដោះតំបន់ដុនបាស់ ភាគខាងកើត អ៊ុយក្រែនទាំងស្រុងវិញ។

គួរបញ្ជាក់ថា បើតាមលោក ហ្សេលេនស្គី, រូបលោកផ្ទាល់បានត្រៀមខ្លួនជានិច្ច ដើម្បីជួបចរចាជាមួយលោក វ្ល៉ាឌីមៀ ពូទីន ហើយកន្លងមក លោកក៏ បានអះអាងដែរថាអ៊ុយក្រែនអាចនឹងបោះបង់ចោលសំណើចូលជាសមាជិក NATO និងប្រកាន់យកគោលការណ៍អព្យាក្រឹត ប្រសិនបើលោកខាងលិចផ្ដល់ការធានាសន្តិសុខ។ ប្រទេសដែលអាចផ្ដល់ការធានាសន្តិសុខឱ្យអ៊ុយក្រែន រួមមានសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, ប៉ូឡូញ, តួកគី និងអ៉ីតាលី៕