(ណៃពិដោ)៖ យោធាមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ បានបើកការវាយប្រហារតាមផ្លូវអាកាសលើ ក្រុមឧទ្ទាមជនជាតិភាគតិចក្នុងរដ្ឋការ៉ែន (Karen) ខណៈដែលការប្រយុទ្ធថ្មីៗបាននឹងកំពុងផ្ទុះឡើង ដើម្បីគ្រប់គ្រងទីក្រុងឡាយ កាយ ករ (Lay Kay Kaw) ដែលស្ថិតនៅក្បែរព្រំដែនប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។

ប្រជាពលរដ្ឋរាប់ពាន់នាក់នៅក្នុងទីក្រុង Lay Kay Kaw ដែលស្ថិតនៅចម្ងាយប្រហែល ២០គីឡូម៉ែត្រពីព្រំដែនប្រទេសថៃ បានភៀសខ្លួនរួចទៅហើយ ពីការប្រយុទ្ធគ្នាកាលពីខែធ្នូ នៅជុំវិញទីក្រុង ដែលជាជម្រកសម្រាប់អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ចាប់តាំងពីយោធាបានដណ្តើមអំណាច កាលពីឆ្នាំ២០២១កន្លងទៅនេះ។

លោក ប៉ាដូ សរ តរ នី (Padoh Saw Taw Nee) អ្នកនាំពាក្យនៃក្រុម KNU ដែលជាក្រុមឧទ្ទាមជនជាតិភាគតិចចំណាស់ ជាងគេបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា កងទ័ពហាក់ដូចជាកំពុងពង្រឹងកម្លាំងបន្ថែមទៀតនៅក្នុងតំបន់ បន្ទាប់ពីការប៉ះទង្គិចគ្នា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ទោះបីជាលោកមិនទាន់ទទួលបានរបាយការណ៍ អំពីការប្រយុទ្ធថ្មីៗ នៅថ្ងៃចន្ទនេះក៏ដោយ។

លោក Padoh Saw Taw Nee បានបន្ថែមយ៉ាងដូច្នេះថា «ពួកគេមិនបានដកថយទាល់តែសោះ។ ពួកគេកំពុងបញ្ជូនកងទ័ពបន្ថែមទៀត។ ដោយឡែក កងកម្លាំងរបស់ក្រុមយើង បានសម្លាប់ទាហានចំនួន ៤៥នាក់ និងបានបាត់បង់យុទ្ធជនចំនួន ២នាក់របស់យើង នៅក្នុងការប៉ះទង្គិចគ្នា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ»

គួរបញ្ជាក់ថា ទីក្រុង Lay Kay Kaw ភាគច្រើនបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ក្រុមឧទ្ទាម KNU ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែកងទ័ពបានព្យាយាមស្វែងរកការគ្រប់គ្រងឡើងវិញ ហើយការប្រយុទ្ធគ្នាបានផ្ទុះឡើងដំបូង កាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ នៅពេលដែលកងទ័ពព្យាយាមចាប់ខ្លួនមនុស្សនៅក្នុងទីក្រុង។ ការប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យកន្លងទៅ ក៏បានកើតឡើង បន្ទាប់ពី KNU បានព្យាយាមរុញច្រានកងទ័ព ដែលបានវាយចូលលុកទៅក្នុងស្រុកមួយ៕