(វែលីងតោន)៖ នៅថ្ងៃចន្ទនេះ ប្រទេសនូវែលសេឡង់ បានប្រកាសថា ខ្លួននឹងចល័តយន្តហោះយោធាដឹកជញ្ជូនធុន C-10 Hercules ចំនួន១គ្រឿង រួមជាមួយបុគ្គលិកនៃកងការពារជាតិចំនួន៥៨នាក់ ទៅកាន់អឺរ៉ុប ដើម្បីផ្តល់ការជួយជ្រោមជ្រែងបន្ថែមទៀត ដល់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។

រដ្ឋមន្រ្តីការពារជាតិនូវែលសេឡង់ លោក ភីនី ហេណារ៉េ (Peeni Henare) បាននិយាយបន្ថែមក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមបុគ្គលិកការពារជាតិរបស់នូវែលសេឡង់ នឹងធ្វើដំណើរទូទាំងតំបន់អឺរ៉ុប ដើម្បីដឹកជញ្ជូនគ្រឿងបរិក្ខារនិងសម្ភារផ្គត់ផ្គង់ ទៅកាន់មជ្ឈមណ្ឌលចែកចាយនានា ប៉ុន្តែនឹងមិនចូលទៅកាន់ប្រទេសអ៊ុយក្រែនផ្ទាល់ឡើយ។

គួរបញ្ជាក់ថា រដ្ឋាភិបាលនូវែលសេឡង់ ក៏បានប្រកាសពីគម្រោងបរិច្ចាគថវិកាបន្ថែមចំនួន ៩លានដុល្លារអាមេរិក សម្រាប់ការគាំទ្រផ្នែកយោធា ផ្នែកច្បាប់ និងផ្នែកសិទ្ធិមនុស្សផងដែរ ចំពោះប្រទេសអ៊ុយក្រែន៕