(ឡូសអាន់ជេឡេស)៖ អាជ្ញាធរក្នុងតំបន់ បានឲ្យដឹងថា មនុស្ស២នាក់ ត្រូវបានសម្លាប់ និង ៤នាក់ទៀត បានរងរបួស ក្នុងករណីបាញ់ប្រហារមួយ ដែលបានកើតឡើង នៅក្នុងទីក្រុងឡូសអាន់ជេឡេស (Los Angeles) នៃរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់)។ នេះបើយោងតាមដកស្រង់ផ្សាយពី សារព័ត៌មានចិន ស៊ីនហួ (Xinhua) នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។

នាយកដ្ឋានតម្រួតនៃទីក្រុង Los Angeles បានជូនដំណឹងថា ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅវេលាម៉ោង ៤៖៣០នាទីរសៀលថ្ងៃអាទិត្យ នៅឯប្លុកលេខ១២២០០ នៃតំបន់វិថី ប៊្លែកលី (Blakley Avenue)។ បុរសរងគ្រោះ២នាក់ ត្រូវបានរាយការណ៍ថា ស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលមនុស្សចំនួន៤នាក់ទៀត បានរងរបួសនិងត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យនៅក្បែនោះ ហើយនៅមិនទាន់ដឹងអំពី ស្ថានភាពរបស់ពួកគេនៅឡើយទេ។

គួរបញ្ជាក់ថា បើតាមនាយកដ្ឋានតម្រួតខាងលើ គេនៅមិនទាន់ដឹងច្បាស់អំពីហេតុការណ៍ ដែលបានកើតឡើងនៅឡើយទេ ហើយអាជ្ញាធរបានអំពាវនាវឲ្យ អ្នកដែលបានឃើញហេតុការណ៍នេះ ទាក់ទងមកកាន់ការិយាល័យទទួលបន្ទុកករណីឃាតកម្ម ដើម្បីជួយផ្តល់ព័ត៌មានបន្ថែម៕