(ប៉េកាំង)៖ ថ្ងៃទី៨ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថា គន្លឹះក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារ និងសម្តែងការកោតសរសើរចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ដោយបានប្រកាសថា ប្រទេសចិនបានបំពេញពាក្យសន្យាយ៉ាងម៉ឺងម៉ាត់ ចំពោះសហគមន៍អន្តរជាតិដោយគ្រប់ជ្រុងជ្រោយ ហើយបានផ្តល់ព្រឹត្តិការណ៍កីឡាអូឡាំពិក ប្រកបដោយភាពសាមញ្ញ សុវត្ថិភាពនិងមានភាពអស្ចារ្យជូនពិភពលោក។

«ការរៀបចំការប្រកួតដោយរលូនគឺបានទទួលភាពជោគជ័យ»។ ក្នុងនាមជាព្រឹតិ្តការណ៍កីឡាចម្រុះដ៏មានលក្ខណៈសកលទីមួយ ដែលបានរៀបចំតាមពេលកំណត់ បន្ទាប់ពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ មិនថាការងារត្រៀមរៀបចំ និងដំណើរការប្រកួត ឬមួយក៏ការវាយតម្លៃយ៉ាងសកម្មពីសំណាក់អត្តពលិក និងសហគមន៍អន្តរជាតិ រហូតដល់អត្រាទូរទស្សនិកជនខ្ពស់បំផុត ដែលមានទូរទស្សនិកជនរាប់ពាន់លាននាក់ នៅទូទាំងពិភពលោកចូលរួមទស្សនា ហើយបានបំបែកកំណត់ត្រាក្នុងប្រវត្តិសាស្ត្រ អាចនិយាយបានថាព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង បានបង្កើតភាពអស្ចារ្យមួយ ដែលអាចកត់ត្រាក្នុងប្រវតិ្តសាស្ត្រនៃការប្រកួតកីឡាអូឡាំពិក ថែមទាំងក៏បានបំពេញបន្ថែមជំនឿចិត្ត និងកម្លាំងដល់ពិភពលោក ដែលបាននិងកំពុងរងការរំខានពី ការរីករាលដាលនៃជំងឺកូវីដ១៩ ។

ក្នុងអំឡុងពេលរៀបចំធ្វើការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ក្នុងបរិវេណបិទខ្ទប់ អត្រារកឃើញករណីវិជ្ជមាន ជំងឺកូវីដ១៩មានតែ ០.៤៥ភាគរយប៉ុណ្ណោះ អ្នកដែលត្រូវរកឃើញវិជ្ជមានជំងឺកូវីដ១៩ទាំងអស់ ទទួលបានការព្យាបាលដ៏មានប្រសិទ្ធភាព និងការថែទាំដ៏ល្អប្រសើរ មិនកើតមានករណីឆ្លងជំងឺកូវីដ១៩ ជាក្រុម និងរាយប៉ាយ សម្រេចបាននូវការគ្រប់គ្រង និងទប់ស្កាត់ករណីឆ្លងនៅត្រឹមសូន្យ។ ការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ប្រកួតដោយចំគោលដៅ និងមានប្រសិទ្ធិភាព បានផ្តល់បទពិសោធន៍ដ៏មានតម្លៃដល់ ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាសកល និងការរៀបចំសកម្មភាពអន្តរជាតិធំៗ ហើយក៏បានបង្ហាញពីស្មារតីរបស់ប្រជាជនចិន ដែលមិនចុះញ៉ម ពុះពារឧបសគ្គនិងយកឈ្នះលើហានិភ័យ យ៉ាងអង់អាចក្លាហាន។

ឆ្លងតាមរយៈការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ពិភពលោកបានមើលឃើញប្រទេសចិន ដែលប្រកបដោយភាពបើកទូលាយ បរិយាប័ន្ននិងស្វែងរកឧត្តមភាព។ ទាំងកីឡដ្ឋានការប្រកួតកីឡាអូឡាំពិករដូវរងា ដែលប្រកបដោយវប្បធម៌ចិននិងបែបបទដ៏ពិសេស និងពិធីបើកនិងពិធីបិទដែលប្រកបដោយទស្សនៈចិន ស្តីពីភាពចុះសម្រុងគ្នានិងស្មើគ្នា ទាំងម្ហូបអាហារឆ្ងាញ់ៗនិងក្បាច់គុនកុងហ្វូចិន ដែលទទួលប្រជាប្រិយភាពក្នុងភូមិអូឡាំពិក និងស្នាមញញឹមរបស់អ្នកស្ម័គ្រចិត្ត ដែលប្រកបដោយភាពកក់ក្តៅនិងភាពស្មោះត្រង់ ការប្រកួតកីឡាទាំងពីរនេះ បានបង្ហាញយ៉ាងពេញលេញនូវភាពទាក់ទាញរបស់វប្បធម៌ចិន និងភាពរួសរាយរាក់ទាក់ចំពោះភ្ញៀវរបស់ប្រជាជនចិន ក៏ដូចជាបានជំរុញការយល់ដឹងពីគ្នានិងមិត្តភាព រវាងប្រជាជននៃបណ្តាប្រទេសនានាលើពិភពលោកផងដែរ។

គួររំលឹកផងដែរថា ការរៀបចំដោយជោគជ័យនៃការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ក៏បានក្លាយជាបង្អួចមួយ ដែលអាចបង្ហាញពីទស្សនៈនិងស្នាដៃនៃបុព្វហេតុសិទ្ធិមនុស្សរបស់ប្រទេសចិន ក៏ដូចជាសមិទ្ធផលរបស់ប្រទេសចិន ក្នុងការគោរពនិងគាំពារសិទ្ធិ និងផលប្រយោជន៍របស់ជនពិការផងដែរ។ លោក Andrew Parsons ប្រធានគណៈកម្មាធិការកីឡាប៉ារ៉ាឡាំពិកអន្តរជាតិ បានវាយតម្លៃថា «ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ជាពន្លឺថ្មីនៃការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា»

ប្រការដែលសំខាន់ជាងទៀត គឺនៅលើពិភពលោកដែលបាននិងកំពុងមានភាពច្របូកច្របល់ ស្មារតីកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានជំរុញការរៀនសូត្រពីវប្បធម៌រវាងគ្នានិងគ្នា និងបានសាបព្រោះគ្រាប់ពូជសាមគ្គីភាពនិងមិត្តភាព ហើយបានជំរុញឱ្យប្រជាជននៃបណ្តាប្រទេសនានា រួមគ្នាឆ្ពោះទៅអនាគត៕