(ព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានស្ងើចសរសើរភាពជាអ្នកដឹកនាំរបស់លោក គីម ជុងអ៊ុន ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ហើយលើកតម្កើងសមិទ្ធផលនយោបាយរបស់លោក ព្រមទាំងបានបង្ហាញរូបថតនិងការតាំងបង្ហាញថ្មីៗ ដើម្បីអបអរសាទរឱកាសខួប១០ឆ្នាំ នៃការឡើងគ្រប់គ្រងគណបក្សពលករកូរ៉េ WPK។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។

លោក គីម ត្រូវចាត់ទុកថា បានឡើងកាន់អំណាច នៅពេលរូបលោកត្រូវបានតែងតាំង ជាមេបញ្ជាការកំពូលយោធាកូរ៉េខាងជើង ក្រោយឪពុកលោក គឺលោក គីម ជុងអ៉ីល បានទទួលមរណភាពនៅខែធ្នូ ឆ្នាំ២០១១។ ប៉ុន្តែថ្ងៃចន្ទនេះ គឺជាគម្រប់ខួប១០ឆ្នាំ គិតចាប់ពីលោក គីម ជុងអ៊ុន ត្រូវបានបោះឆ្នោតឱ្យធ្វើជាប្រធានគណបក្ស WPK និងជាមេដឹកនាំរបស់កូរ៉េខាងជើង។

គួរបញ្ជាក់ថា រូបភាពផ្កាយរណបកន្លងមក បានបង្ហាញឱ្យឃើញសកម្មភាព កងទ័ពកូរ៉េខាងជើងហាមសម សម្រាប់ពិធីព្យុហយាត្រាយោធា ដែលអាចប្រារព្ធឡើងក្នុងសប្តាហ៍នេះ។ រីឯក្រុមអ្នកវិភាគក៏បានឱ្យដឹងដែរថា កូរ៉េខាងជើងអាចនឹងបង្អួតមីស៉ីលផ្លោងអន្តរទ្វីប ICBM របស់ខ្លួន នៅក្នុងព្រឹត្តិការណ៍នេះ។

គួរបញ្ជាក់ថា កាលពីខែមុន ទីក្រុងព្យុងយ៉ាងបានបង្កក្តីបារម្ភជាខ្លាំង ចំពោះកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក តាមរយៈការធ្វើតេស្តមីស៉ីល ICBM ដោយពេញលេញឡើងវិញ ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៧ មក៕