(វ៉ាលីងតោន)៖ រដ្ឋាភិបាលនូវែលសេឡង់ នៅថ្ងៃចន្ទនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចេស៉ីនដា អាដឺន (Jacinda Ardern) នឹងដឹកនាំបេសកកម្មពាណិជ្ជកម្មទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសជប៉ុននៅចុងខែមេសានេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍ខាងលើ បានបញ្ចាក់ថា លោកស្រី Jacinda Ardern ដែលនឹងអមដំណើរដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនូវែលសេឡង់ លោក ដេមៀន អូខនណឺ (Damien O'Connor) និងមេដឹកនាំអាជីវកម្មចំនួន ១៣រូបទៀត កំពុងរៀបចំដំណើរទស្សនកិច្ច ដើម្បីភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយដៃគូសេដ្ឋកិច្ច និងសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិកជិតស្និទ្ធបំផុតចំនួន២ គឺប្រទេសជប៉ុន និងសិង្ហបុរី។

លោកស្រី Jacinda Ardern បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខាងលើថា «យើងត្រូវតែបន្តភ្ជាប់ទំនាក់ទំនងជាមួយពិភពលោកឡើងវិញ ហើយខ្ញុំទន្ទឹងរង់ចាំការគាំទ្រអាជីវកម្មរបស់យើងនៅទូទាំងវិស័យជាច្រើន និងឃើញសមភាគីនយោបាយរបស់ខ្ញុំដោយផ្ទាល់»៕