(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បាននិយាយថាលោកបានប្ដេជ្ញាចិត្តបន្តស្វែងរក សន្តិភាព បើទោះជាមានការព្រមានថាកងទ័ពរុស្ស៉ីកំពុងត្រៀមខ្លួនបើកការវាយប្រហារលើតំបន់ភាគខាងកើតនៃប្រទេសក៏ដោយ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។

ការលើកឡើងខាងលើរបស់លោក ហ្សេលេនស្គី ធ្វើឡើងបន្ទាប់ពីមនុស្សយ៉ាងហោច ៥២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយលើ ស្ថានីយរថភ្លើងមួយស្ថិតក្នុងទីក្រុង ក្រាម៉ាទ័ស (Kramatorsk) នៃភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីសប្ដាហ៍មុន។ ថ្លែងនៅក្នុង បទសម្ភាសន៍ជាមួយសារព័ត៌មាន AP លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «គ្មាននរណាម្នាក់ចង់ចរចាជាមួយមនុស្សម្នាក់ដែល បានធ្វើទារុណកម្មលើប្រជាជាតិមួយនេះនោះទេ ហើយក្នុងនាមជាបុរសម្នាក់ និងជាឪពុកម្នាក់ ខ្ញុំយល់ពីរឿងនេះយ៉ាងច្បាស់។ ប៉ុន្តែខ្ញុំមិនចង់ បាត់បង់ឱកាសនោះទេ ប្រសិនបើយើងមានឱកាសស្វែងរកដំណោះស្រាយការទូត»

គួរបញ្ជាក់ថា ជាមួយការប្ដេជ្ញាចិត្តស្វែងរកសន្តិភាពបញ្ចប់សង្រ្គាម, លោក ហ្សេលេនស្គី ក៏បានទទូចឱ្យបណ្ដាប្រទេសលោកខាងលិចបញ្ជូនអាវុធ បន្ថែមមកឱ្យអ៊ុយក្រែនផងដែរ នៅចំពោះមុខការព្រមានថាកងទ័ពរុស្ស៉ីកំពុងប្រមូលផ្ដុំកម្លាំងត្រៀមវាយលុកតំបន់ភាគខាងកើតនៃប្រទេស អ៊ុយក្រែន៕