(វីយ្យែន)៖ អធិការបតីអូទ្រីស លោក ខាល ណេហេមមឺ (Karl Nehammer) បានប្រកាសនៅលើគណនីបណ្ដាញសង្គម Twitter ថាលោកនឹង ទៅជួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុងមូស្គូនៅថ្ងៃចន្ទសប្ដាហ៍នេះ ហើយលោកនឹងក្លាយជាមេដឹកនាំអឺរ៉ុបដំបូងគេដែលបាន ជួបលោក ពូទីន ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងមក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។

លោក Nehammer បានកត់សម្គាល់ដូច្នេះថា «យើងមានអព្យាក្រឹតផ្នែកយោធា ប៉ុន្តែមានជំហរច្បាស់លាស់ចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។ លោក ពូទីន ត្រូវតែឈប់! យើងត្រូវការច្រកផ្លូវមនុស្សធម៌, បទឈប់បាញ់ និងការស៊ើបអង្កេតពេញលេញ នៃឧក្រិដ្ឋកម្មសង្រ្គាម»

អូទ្រីស បាន និងកំពុងផ្តល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន ក៏ដូចជាមួកការពារ និងអាវក្រោះសម្រាប់ជនស៊ីវិល ជាជាងអាវុធ។ អូទ្រីសជា សមាជិកសហភាពអឺរ៉ុប ប៉ុន្តែមិនបានចូលជាសមាជិកអង្គការណាតូ (NATO)ទេ។

បើតាមលោក Nehammer, លោកក៏បានជូនដំណឹងពីការដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងមូស្គូ ទៅកាន់មេដឹកនាំអឺរ៉ុបមួយចំនួន ផងដែរ រួមមានប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា ហ្វុន ឌែរ លេយិន (Ursula von der Leyen), ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាលស៍ មីឆែល (Charles Michel), អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz), ប្រធានាធិបតីតួកគី លោក រ៉េសិប តាយយីប អឺដូហ្គាន់ (Recep Tayyip Erdogan) និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy)។

គួរបញ្ជាក់ថា កិច្ចប្រជុំដែលបានគ្រោងទុកជាមួយមេដឹកនាំរុស្ស៊ី បានធ្វើឡើងបន្ទាប់ពីការធ្វើដំណើររបស់លោក Nehammer ទៅកាន់ប្រទេស អ៊ុយក្រែនកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ដែលនាពេលនោះលោកបានជួបប្រធានាធិបតីអ៊ុយក្រែន៕