(ឡុងដ៍)៖ មេដឹកនាំសាធារណរដ្ឋឆេឆេនី (Chechnya) របស់រុស្ស៉ី លោក រុំាហ្សាន់ កាឌីរ៉ូវ (Ramzan Kadyrov) នៅថ្ងៃចន្ទនេះបាននិយាយថា កងទ័ពរុស្ស៉ី នឹងបើកការវាយប្រហារមួយដោយមិនមែនផ្តោតតែទៅលើទីក្រុងម៉ារីយូប៉ូល (Mariupol) ដែលកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ នោះទេ ប៉ុន្តែក៏នឹងមានការវាយយករដ្ឋធានីកៀវ និងទីក្រុងដទៃទៀតរបស់អ៊ុយក្រែនផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។

ថ្លែងនៅក្នុងសារវីដេអូមួយបង្ហោះលើឆាណែល Telegram របស់លោកផ្ទាល់, លោក កាឌីរ៉ូវ បានលើកឡើងដូច្នេះថា «វាអាចនឹងមាន ការវាយប្រហារមួយ... មិនមែនតែលើទីក្រុងម៉ារីយូប៉ូលតែមួយគត់នោះទេ តែក៏មានទីតាំងដទៃ, ទីក្រុង និងភូមជាច្រើនផ្សេងទៀតផងដែរ»។ លោកបន្ថែមថាតំបន់លូហាន់ (Luhansk) និងដូណេត (Donetsk) នឹងត្រូវបានរំដោះទាំងស្រុង ហើយក្រោយមកទៀតគឺដល់វេនទីក្រុងកៀវ និងទីក្រុងជាច្រើនទៀត។

គួរបញ្ជាក់ថា បច្ចុប្បន្ន កងទ័ពរុស្ស៉ី បានប្ដូរយុទ្ធសាស្ត្រងាកទៅផ្តោតលើតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ខណៈក្រុមមន្ត្រីលោកខាងលិច ព្រមានថារុស្ស៉ីក៏កំពុងដកថយត្រៀមបើកការវាយប្រហារសាជាថ្មីទ្វេដង លើអ៊ុយក្រែន៕