(ប៉ារីស)៖ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងគូប្រជែងចាស់របស់លោក គឺលោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី១ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ហើយអ្នកទាំង២ នឹងត្រូវ ប្រជែងគ្នាបន្តនៅជុំទី២ ដែលជាជុំផ្ដាច់ព្រ័ត្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។

បើតាមលទ្ធផលបោះឆ្នោតរាប់បាន ៩៦ភាគរយ, លោក ម៉ាក្រុងទទួលបានសំឡេងគាំទ្រ ២៧.៤២ភាគរយ ខណៈលោកស្រី ឡឺប៉ែន ទទួលបាន២៤.០៣ភាគរយ។ តាមរយៈលទ្ធផលនេះ លោក ម៉ាក្រុង ដែលមាននិន្នាការគាំទ្រសេដ្ឋកិច្ចអឺរ៉ុបសេរី និងលោកស្រី ឡឺប៉ែនមាននិន្ននាការជាតិនិយមប្រកាន់ស្ដាំជ្រុល នឹងត្រូវឡើងទៅប្រជែងគ្នាបន្តនៅជុំទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសាខាងមុខនេះ ហើយនេះក៏ជាលើក ទី២ផងដែរ ដែលអ្នកទាំងពីរត្រូវតទល់គ្នានៅក្នុងការបោះឆ្នោតប្រធានាធិបតី ចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៧មក។

គួរបញ្ជាក់ថា វិទ្យាស្ថាន អ៉ីហ្វុប (Ifop) បានព្យាករថាលោក ម៉ាក្រុង អាចនឹងទទួលបានជ័យជម្នះលើលោកស្រី ឡឺប៉ែន នៅក្នុងការបោះឆ្នោត ប្រធានាធិបតីបារាំងជុំទី២ ដោយទទួលបានសំឡេងគាំទ្រយ៉ាងប្រកៀកប្រកិតគឺ ៥១ភាគរយទល់នឹង ៤៩ភាគរយ។ ការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី១ កាលពីថ្ងៃអាទិត្យ មានបេក្ខជនប្រធានាធិបតីសរុបចំនួន ១២នាក់៕