(ប៉ាឡេស្ទីន)៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ស្ត្រីប៉ាឡេស្ទីនម្នាក់ត្រូវបានទាហានអ៊ីស្រាអែលបាញ់សម្លាប់ នៅថ្ងៃអាទិត្យនេះ នៅក្នុងក្រុងHusan ក្នុងតំបន់ West Bank។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។

ក្រសួងសុខាភិបាលគូសបញ្ជាក់ថា ស្ត្រីឈ្មោះ Ghada Sbateen អាយុ ៤៧ឆ្នាំបានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីនាងត្រូវបានបាញ់ដោយទាហានអ៊ីស្រាអែល ហើយបានស្លាប់នៅពេលក្រោយបានបញ្ជូនដល់មន្ទីរពេទ្យ ដោយសារតែហូរឈាមធ្ងន់ធ្ងរ ចេញពីកន្លែងវះកាត់ត្រង់ភ្លៅរបស់នាង។

សាក្សីប៉ាឡេស្ទីនបាននិយាយថា Sbateen ដែលជាស្ត្រីមេម៉ាយមានកូនប្រាំមួយនាក់បានដួលនៅលើដី បន្ទាប់ពីត្រូវបានបាញ់ដោយទាហានអ៊ីស្រាអែលនៅផ្លូវធំក្នុងទីក្រុង Husan ហើយបានបន្តហូរឈាម មុនពេលនាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា ភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបានកំពុងឆាបឆេះឡើងវិញក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ និងក្នុងអំឡុងពេលនៃខែតមអាហាររបស់ជនមូស្លីម នៃខែរ៉ាម៉ាដាន ដែលភាគច្រើននៅតំបន់ West Bank និង Jerusalem ខាងកើត៕