(ឡង់ដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានធ្វើទស្សនកិច្ចដោយមិនប្រកាសឲ្យដឹងជាមុន ទៅកាន់ទីក្រុងកៀវកាលពីថ្ងៃសៅរ៍ ក្នុងអំឡុងពេលដែលលោកបានសន្យាផ្តល់រថពាសដែកចំនួន១២០គ្រឿង និងប្រព័ន្ធមីស៊ីលប្រឆាំងនាវាថ្មី ដល់រដ្ឋាភិបាលរបស់លោកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។

លោក Johnson បានសរសេរនៅលើ Twitter ភ្លាមៗបន្ទាប់ពីព័ត៌មានអំពីការធ្វើដំណើរ ដោយមិនមានការជូនដំណឹងជានមុនបានលេចលឺឡើងយ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំបានជួបមិត្តរបស់ខ្ញុំ គឺលោកប្រធានាធិបតី Zelensky ក្នុងទីក្រុងកៀវ ដើម្បីជាការបង្ហាញពីការគាំទ្រឥតងាករេរបស់យើងសម្រាប់ប្រជាជនអ៊ុយក្រែន»

លោកបានបន្ថែមថា «យើងកំពុងរៀបចំកញ្ចប់ថ្មី នៃជំនួយហិរញ្ញវត្ថុ និងយោធា ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់យើង ចំពោះការតស៊ូរបស់ប្រទេសអ៊ុយក្រែន ប្រឆាំងនឹងយុទ្ធនាការដ៏ព្រៃផ្សៃរបស់រុស្ស៊ី»