(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន២៨,៣០៧ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មានស៊ីនហួរ នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន២,១៨១ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Nghệ An មានចំនួន ១,៥៣៣ករណី និងខេត្ត Yên Bái ១,៥១០ករណី។

ក្នុងរបាយការណ៍ថ្ងអាទិត្យនេះដែរក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ចំនួន១៩នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,១៩៨,២៣៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨,៥៣២,៥២៣នាក់ ចំណែកអ្នកស្លាប់សរុបនៅត្រឹមចំនួន៤២,៨១៣។